លើកចុងក្រោយដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៩ លោកបានបង្កការភ្ញាក់ផ្អើលដោយទៅកាន់ព្រំដែនជាមួយកូរ៉េខាងជើង សម្រាប់កិច្ចប្រជុំភ្លាមៗជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដើម្បីស្តារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរដែលរអាក់រអួល។
សេចក្ដីរាយការណ៍ពីសារព័ត៌មាន AP បាននិយាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះថា ឥឡូវនេះខណៈដែលលោក Trump គ្រោងធ្វើដំណើរទៅតំបន់អាស៊ី ជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជាថ្មីមក ការរំពឹងទុកកំពុងតែកើនឡើងខ្ពស់ថា លោកប្រហែលជាអាចទៅជួបលោក Kim ជាថ្មីម្ដងទៀតអំឡុងដំណើរសំចតនៅកូរ៉េខាងត្បូង។ ប្រសិនបើកើតឡើងមែន នោះនឹងក្លាយកិច្ចប្រជុំកំពូលលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅភូមិ Panmunjom ព្រំដែនកូរ៉េ ក្នុងខែមិថុនា ឆ្នាំ២០១៩ និងជាលើកទី៤ ក្នុងចំណោមជំនួបទាំងអស់។

អ្នកជំនាញជាច្រើននិយាយថា ការរំពឹងទុកសម្រាប់កិច្ចប្រជុំបន្ទាន់មួយទៀតហាក់អាប់អួរណាស់នៅពេលនេះ ប៉ុន្តែក៏បានព្យាករថា លោក Trump និងលោក Kim អាចអង្គុយចុះពិភាក្សាគ្នាម្តងទៀតនៅប៉ុន្មានខែខាងមុខ។ អ្នកផ្សេងជំទាស់នឹងការយល់ឃើញនេះ ដោយនិយាយថា ការបន្តការទូតឡើងវិញឆាប់រហ័សទំនងមិនអាចទៅរួចទេ សារមានភាពប្រែប្រួលច្រើនណាស់ចាប់តាំងពីឆ្នាំ២០១៩មក ទាំងទំហំនៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងឥទ្ធិពលគោលនយោបាយការបរទេសរបស់ខ្លួន។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីជំនួបណាមួយទេ មុនថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង។ ប៉ុន្តែរដ្ឋមន្ត្រីកូរ៉េខាងត្បូងមួយរូបបាននិយាយនៅពាក់កណ្តាលខែតុលាថា មានភាពអាចទៅរួចថាលោក Trump និងលោក Kim នឹងជួបគ្នានៅភូមិ Panmunjom ក្នុងតំបន់គ្មានយោធា (DMZ) ជាថ្មីម្តងទៀត៕

