ក្រុមអ្នកវិភាគនិយាយថា ដៃគូរដ្ឋាភិបាលចម្រុះប្រកាន់ជំហរតឹងថ្មី និងជំនួបកំពូលជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានជំរុញឱ្យទីក្រុងតូក្យូចំណាយច្រើនជាងមុនលើយោធា កំពុងតែក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់មេដឹកនាំជប៉ុន លោកស្រី Sanae Takaichi ខណៈរដ្ឋាភិបាលដ៏ផុយស្រួយរបស់នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ អាចដាក់កំហិតលើអ្វីដែលខ្លួនអាចធ្វើបាន។

លោកស្រី Takaichi បានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាប្រមុខរដ្ឋាភិបាល ដែលខ្វះតែ ២សំឡេងប៉ុណ្ណោះ ក្នុងការឈានដល់សំឡេងភាគច្រើនក្នុងសភាជាន់ទាប ៤៦៥អាសនៈ ដែលជាវេទិកាសម្រេចចិត្តដ៏សំខាន់។ នេះមានន័យថា ឧបសគ្គជាច្រើនកំពុងរង់ចាំនៅខាងមុខ។
អ្នកវិភាគលើកឡើងថា ជំនួបសប្ដាហ៍ក្រោយជាមួយលោក Trump ដែលទៅទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី២៧-២៩ ខែតុលា គឺជាការធ្វើតេស្តការទូតដំបូង។ អ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា "លោកស្រីប្រាកដជានឹងជួបបទពិសោធន៍ដំបូងដ៏តឹងតែងលើសមរភូមិការទូត"។

លោកស្រី Takaichi មានពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងការត្រៀមខ្លួនសម្រាប់ជំនួបទល់មុខគ្នាលើកដំបូងជាមួយលោក Trump ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុនមក។ មេដឹកនាំទាំងពីរប្រហែលជាអាចជ្រួសផ្លូវគ្នាផងដែរក្នុងកិច្ចប្រជុំកំពូលប្លុកអាស៊ាន នៅម៉ាឡេស៊ី នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មុននឹងបើកកិច្ចចរចាជាផ្លូវការក្នុងទីក្រុងតូក្យូ នៅដើមសប្តាហ៍ក្រោយ៕
