អំឡុងពិធីជួបជុំគ្នាចុងក្រោយ ប្រធានាធិបតីកូឌីវ័រលោក Alassane Ouattara និយាយប្រាប់ក្រុមអ្នកគាំទ្រថា សន្លឹកឆ្នោតមួយសន្លឹកសម្រាប់លោក គឺសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសាមគ្គីភាព នៅមុនការបោះឆ្នោតដែលគូប្រជែងជាច្រើនរបស់លោក ត្រូវបានហាមឃាត់ពីការឈរឈ្មោះ ។
ការបោះឆ្នោតនៅក្នុងប្រទេសផលិតដំណាំកាកាវធំបំផុតរបស់ពិភពលោកមួយនេះ នឹងធ្វើឲ្យ Ouattara វ័យ ៨៣ឆ្នាំ ប្រជែងជាមួយអតីតរដ្ឋមន្រ្តីរដ្ឋាភិបាល ២រូប ក៏ដូចជាអតីតភរិយា និងជាអតីតអ្នកនាំពាក្យអ្នកឡើងកាន់តំណែងមុនរបស់លោក គឺលោក Laurent Gbagbo ។

លោក Ouattara គឺជាបេក្ខជនតែម្នាក់គត់ដែលមានការគាំទ្រពីគណបក្សនយោបាយខ្លាំង ធ្វើឲ្យលោកមានប្រៀបច្រើន ។
គូប្រជែងលេចធ្លោ ២រូបទៀតគឺលោក Gbagbo និងអតីតប្រធានប្រតិបត្តិក្រុមហ៊ុន Credit Suisse លោក Tidjane Thiam ត្រូវបានហាមឃាត់ពីការឈរឈ្មោះ ។ លោក Thiam និយាយថា ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងឲ្យចាំតែឈ្នះរួចទៅហើយ ។
លោក Ouattara ដែលបានច្រានចោលក្តីបារម្ភវ័យ និងសុខភាពរបស់លោក បានឡើងកាន់អំណាចក្រោយសង្រ្គាមស៊ីវិលរយៈពេល ៤ខែ ដែលនាំឲ្យកើតមានភាពតានតឹងកុលសម្ព័ន្ធ និងបង្កឡើងដោយសារការបដិសេធន៍របស់លោក Gbagbo ក្នុងការទទួលស្គាល់បរាជ័យនៅការបោះឆ្នោតឆ្នាំ ២០១០ ៕

