បន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញរយៈពេល ១៤ឆ្នាំ ស៊ីរីត្រូវតែកសាងឡើងវិញឲ្យបានឆាប់រហ័ស ដើម្បីនាំមកនូវស្ថិរភាពដល់ប្រទេស និងតំបន់ដ៏ធំទូលាយ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសដែលរងគ្រោះដោយសង្រ្គាមមួយនេះ។
ការកសាងឡើងវិញ គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតមួយ ដែលអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី កំពុងជួបប្រទះ បន្ទាប់ពីមេដឹកនាំដ៏យូរអង្វែង លោក Bashar al-Assad ត្រូវបានផ្ដួលរំលំកាលពីខែធ្នូឆ្នាំមុន។ លោក Rawhi Afaghani តំណាងរងកម្មវិធីអភិវឌ្ឍន៍របស់ UN ប្រចាំប្រទេសស៊ីរី បានប្រាប់សារព័តមានមួយនៅសប្តាហ៍នេះថា៖ «សហគមន៍អន្តរជាតិគួរតែប្រញាប់ប្រញាល់កសាងប្រទេសស៊ីរីឡើងវិញ»។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍នោះថា៖ «ការណ៍ដែលអាចជួយប្រទេសនេះឲ្យងើបឡើងវិញ និងចេញពីសង្រ្គាមនេះ ក៏ដូចជាចេញពីការបំផ្លិចបំផ្លាញនេះ គឺមិនត្រឹមតែសម្រាប់ប្រជាជនស៊ីរីផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាព និងផលប្រយោជន៍នៃតំបន់ទាំងមូលផងដែរ»។

សង្រ្គាមស៊ីវិលស៊ីរីដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១ ដោយសារការបង្ក្រាបយ៉ាងឃោរឃៅរបស់លោក al-Assad លើការតវ៉ាប្រឆាំងរដ្ឋាភិបាល បានបណ្ដាលឲ្យមនុស្សជាងកន្លះលាននាក់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។
ធនាគារពិភពលោក ក្នុងសប្តាហ៍នេះ បានប៉ាន់ប្រមាណថា ការកសាងឡើងវិញក្រោយសង្គ្រាមរបស់ប្រទេសស៊ីរី អាចចំណាយទឹកប្រាក់រហូតដល់ទៅ ២១៦ពាន់លានដុល្លារ។
សម្រាប់លោក Afaghani លោកមិនអាចដាក់តម្លៃ ជុំវិញការកសាងប្រទេសស៊ីរីឡើងវិញនោះទេ ប៉ុន្តែបានពណ៌នា អំពីតម្រូវការថា មានទំហំធំខ្លាំងណាស់។ នៅទូទាំងប្រទេស លោកបាននិយាយថា អភិបាលខេត្តបានប្រាប់លោកអំពីតម្រូវការដ៏ធំ សម្រាប់លំនៅឋាន សាលារៀន និងមណ្ឌលសុខភាព ព្រមទាំងអគ្គិសនី និងទឹកផងដែរ។ លោកបានបញ្ជាក់បន្ថែមថា ការធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងបោសសម្អាត គឺបរិមាណគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញប្រទេស ដែលរួមមានទាំងនៅក្នុងគំនរបាក់បែកគរដូចភ្នំដែលត្រូវបោសសម្អាត៕


