រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោកស្រី Katherina Reiche បានធ្វើដំណើរទៅដល់ទីក្រុងគីវនាថ្ងៃសុក្រនេះ ដោយបង្ហាញពីកិច្ចខិតខំរបស់ទីក្រុងប៊ែរឡាំង ក្នុងការជួយអ៊ុយក្រែនជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ក្រោយការវាយប្រហារកាលពីពេលកន្លងទៅរបស់រុស្ស៊ី ធ្វើឲ្យខូចខាតធ្ងន់ធ្ងរនូវបណ្តាញអគ្គិសនី ។
លោកស្រី Reiche និយាយនៅទីក្រុងគីវ ជាទីដែលលោកស្រីធ្វើដំណើរទៅដល់ជាមួយគណៈប្រតិភូធុរកិច្ចថា អ៊ុយក្រែនប្រឈមនឹងរដូវរងាទី ៤របស់ខ្លួន អំឡុងសម័យសង្រ្គាម ហើយឥឡូវរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ពួកគេលើការផ្គត់ផ្គង់ថាមពលអ៊ុយក្រែន ធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់អគ្គិសនី និងកំដៅក្នុងរដូវរងា ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Reiche បានកើតមានឡើង ស្របពេលដែលអ៊ុយក្រែនប្រឈមនឹងការលំបាកថាមពលកើនឡើង រួមទាំងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ នៅតាមរោងចក្រសំខាន់ៗជាច្រើន ដូចជារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។
លោកស្រី Reiche និយាយថា ជំនួយបន្ទាន់ត្រូវការសម្រាប់ការសាងសង់ឡើងវិញ និងការពារការផ្គត់ផ្គង់ថាមពល ។
ក្រៅពីអភិរក្ស និងការសាងសង់ឡើងវិញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកស្រី Reiche គឺពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិអាល្លឺម៉ង់-អ៊ុយក្រែន ។
ការទៅដល់របស់លោកស្រី Reiche គាប់ជួននឹងកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ជាទីដែលសម្ព័ន្ធមិត្តអ៊ុយក្រែន នឹងពិភាក្សាលើជំនួយយោធាបន្ថែមទៀត ៕
