ក្រុមបាតុករអ៊ីស្រាអែល បានជួបជុំគ្នានៅច្រកឆ្លងកាត់ព្រំដែន Kerem Shalom នាថ្ងៃសុក្រនេះ ដើម្បីព្យាយាមរារាំងជំនួយមនុស្សធម៌ពីការចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
បាតុករម្នាក់ដែលព្យាយាមបិទផ្លូវ និយាយថា ពួកគេមកទីនេះ ដោយសារតែអ្វីដែលពួកគេនិយាយថា ក្រុមហាម៉ាសបានបំពានលក្ខខណ្ឌបទឈប់បាញ់ ។
អង្គការសុខភាពពិភពលោក(WHO)និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយចូលទៅកាន់តំបន់ហ្កាហ្សាមានតែមួយចំណែកប៉ុណ្ណោះនៃអ្វីដែលត្រូវការ ស្របពេលដែលទីភ្នាក់ងារសុខភាពមួយនេះ ព្យាយាមបង្កើតឡើងវិញប្រព័ន្ធថែទាំសុខភាពនៅដែនដីប៉ាឡេស្ទីន ។

ប្រមុខ WHOលោក Tedros Adhanom Ghebreyesus និយាយថា ស្របពេលដែលការចែកចាយជំនួយកើនឡើង ការបង្កើតឡើងវិញហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តនៅហ្កាហ្សា ទំនងជាត្រូវការថវិកាយ៉ាងហោច ៧ពាន់លានដុល្លារ ។
សង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បច្ចុប្បន្នស្ថិតនៅក្នុងបទឈប់បាញ់ក្រោមកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក ។
អាជ្ញាធរសុខភាពប៉ាឡេស្ទីនដាក់ចំនួនគ្រោះថ្នាក់នៅតំបន់ហ្កាហ្សាស្រ្ទីបថា មនុស្សជាង ៦៧.០០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ១ភាគ ៣នៃពួកគេ មានអាយុក្រោម ១៨ឆ្នាំ ។
WHO និយាយថា ស្របពេលដែលស្ថានភាពស្បៀងអាហារនៅតំបន់ហ្កាហ្សា ត្រូវបានគេមើលឃើញល្អប្រសើរបន្តិចមែនក្តី អំឡុងបទឈប់បាញ់បច្ចុប្បន្ន តែកិច្ចខិតខំបន្ថែមទៀតត្រូវការ ដើម្បីផ្លាស់ប្តូរវិបត្តិមួយនេះ ក្នុងនោះមនុស្សជាង ៦០ម៉ឺននាក់ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៃអសន្តិសុខស្បៀង ៕
