ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បានចាប់ផ្តើមប្រតិបត្តិការវេជ្ជសាស្រ្ត និងមនុស្សធម៌មានដែនកំណត់របស់ខ្លួនឡើងវិញ នៅទីក្រុងហ្កាហ្សា ក្រោយផ្អាកទាំងបង្ខំអស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋជម្លៀសខ្លួនពីតំបន់ភាគខាងត្បូងទៅកាន់ភាគខាងជើង បានកើនឡើងដល់ ៤០ម៉ឺននាក់ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែតុលា ។

ពួកគេបន្តថា ការបំលាស់ទីទាំងនេះ ឆ្លុះបញ្ចាំងថា ពលរដ្ឋធ្វើដំណើរត្រឡប់ពីភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ឆ្ពោះទៅកាន់តំបន់ភាគខាងជើង ជាទីដែលទីក្រុងហ្កាហ្សាស្ថិតនៅ ។
ក្រោយពីការតាមដាន និងការវាយតម្លៃដោយប្រុងប្រយ័ត្ន MSF បានចាប់ផ្តើមឡើងវិញសកម្មភាពដោយអន្លើររបស់ពួកគេនៅទីនេះ ស្របពេលដែលពួកយើងបន្តធ្វើដំណើរទៅកាន់ទីកន្លែងដែលមានអ្នកជំងឺ ។
អ្នកស្រី Claire Manera ដែលជាអ្នកសម្របសម្រួលផ្នែកសង្រ្គោះបន្ទាន់របស់ MSF បានចាត់ទុកស្ថានភាពថាអាក្រក់ខ្លាំង ក្នុងនោះជំនួយត្រូវបានរារាំង ហើយអាយុជីវិតកម្មករមនុស្សធម៌នៅតែជួបហានិភ័យដដែល ៕
