គណបក្សសង្គមនិយមបារាំង បានគំរាមផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃចន្ទ ប្រសិនបើលក្ខខណ្ឌថវិការបស់ពួកគេមិនត្រូវបានបំពេញតាម ដោយបញ្ជាក់នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះថា ពួកគេនឹងដាក់ញត្តិដកសេចក្ដីទុកចិត្ត នៅដើមសប្តាហ៍ក្រោយ ប្រសិនបើក្រុមមហាសេដ្ឋីមិនត្រូវបានរឹតបន្តឹងឲ្យបង់ពន្ធបន្ថែមទេនោះ។
មេដឹកនាំគណបក្សសង្គមនិយម លោក Olivier Faure បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BFM នៅថ្ងៃសុក្រនេះថា៖ «យើងបានប្រឹងប្រែងមិនចាប់កំហុសស្ដីបន្ទោសនាយករដ្ឋមន្ត្រី ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់ឃើញសញ្ញាពីការមានឆន្ទៈណាមួយ ក្នុងការសម្របសម្រួលឡើយ។ ប្រសិនបើមិនមានការផ្លាស់ប្តូរនៅថ្ងៃចន្ទទេ វានឹងចប់គ្រប់យ៉ាង»។
ដោយគិតលើសភាដែលបែកបាក់យ៉ាងខ្លាំងរបស់ប្រទេសបារាំង បក្សសង្គមនិយម មានសិទ្ធិអំណាច ក្នុងការផ្តួលរំលំរដ្ឋាភិបាលសំឡេងភាគតិចដ៏ទន់ខ្សោយរបស់លោក Sebastien Lecornu ប្រសិនបើក្រុមនេះចងសម្ព័ន្ធជាមួយក្រុមឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល ដែលបាននិយាយថា ពួកគេចង់ទម្លាក់នាយករដ្ឋមន្ត្រីថ្មីរូបនេះ។

លោក Lecornu បានប្រឹងប្រែងដោះស្រាយ រហូតទទួលបានការគាំទ្រពីបក្សសង្គមនិយម ដោយសន្យាលុបចោលកំណែទម្រង់ប្រាក់សោធននិវត្តន៍ដ៏ធំមួយ ប៉ុន្តែខាងក្រុមឆ្វេងនិយមមានជំនឿច្បាស់លាស់ថា ខ្លួនអាចទាញយកសម្បទានកាន់តែច្រើនបន្ថែមទៀត នៅពេលដែលកិច្ចពិភាក្សា ដើម្បីអនុម័តផ្នែកពន្ធ និងចំណូលនៃថវិកាឆ្នាំ២០២៦ បានចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងសម័យប្រជុំ នៅសភាជាតិ។
លោក Faure ដែលគណបក្សរបស់លោក បានលើកឡើងជាយូរមកហើយ ចំពោះកាតព្វកិច្ចពន្ធរបស់ក្រុមមហាសេដ្ឋីដែលរដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការរួមបញ្ចូលក្នុងច្បាប់នោះ បាននិយាយថា សេចក្ដីព្រាងច្បាប់បច្ចុប្បន្ន បានកំណត់គោលដៅយ៉ាងអត្តិធម៌លើប្រជាជនចូលនិវត្តន៍ មនុស្សវ័យក្មេង និងគ្រួសារ។
បើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ដោយសកម្មភាពអាជីវកម្មរបស់បារាំងបានធ្លាក់ចុះលឿនជាងការរំពឹងទុក នៅក្នុងខែតុលា ការគំរាមកំហែងបង្កឲ្យមានអស្ថិរភាពបន្ថែមទៀតនេះ ធ្វើឲ្យកាន់តែមានក្ដីបារម្ភ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសបារាំង ៕
