អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះថា ប្រទេសរុស្ស៊ីកំពុងធ្វើការវិភាគលើការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់លោកខាងលិច ហើយនឹងចាត់វិធានការស្របតាមផលប្រយោជន៍របស់ខ្លួន ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នាពេលនេះ យើងកំពុងវិភាគទណ្ឌកម្មដែលត្រូវបានកំណត់ និងប្រកាស ហើយជាការពិតណាស់ យើងនឹងធ្វើអ្វីដែលសមស្របបំផុតទៅនឹងផលប្រយោជន៍របស់យើង»។

លោកបានបញ្ជាក់បន្ថែមថា៖ «នោះជារឿងសំខាន់ នៅក្នុងវិធានការរបស់យើង។ យើងកំពុងចាត់វិធានការជាចម្បង មិនមែនប្រឆាំងនឹងអ្នកដទៃទេ តែយើងកំពុងចាត់វិធានការ ដើម្បីផលប្រយោជន៍ផ្ទាល់របស់យើង។ នោះហើយជាអ្វីដែលយើងនឹងធ្វើ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងដ៏ធំបំផុតជាងគេរបស់រុស្ស៊ី គឺ Lukoil និង Rosneft ហើយបណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មទី១៩ លើទីក្រុងមូស្គូ ដោយសារសង្គ្រាមរបស់ខ្លួន លើអ៊ុយក្រែន ដែលមានរួមបញ្ចូលការហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីផងដែរ៕
