ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយនៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះថា លោកមានឆន្ទៈក្នុងការពិភាក្សា អំពីប្រធានបទជាច្រើនជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ប្រសិនបើកិច្ចប្រជុំកើតមានឡើង ក្នុងនោះរួមទាំងបញ្ហាពន្ធនាំចេញរបស់ប្រេស៊ីល និងភាពតានតឹងជាមួយប្រទេសវ៉េណេស៊ុយអេឡាផងដែរ។
អំឡុងពេលនិយាយនៅឯទីក្រុងហ្សាការតា មុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅប្រទេសម៉ាឡេស៊ី លោក Lula បានប្រាប់ថា លទ្ធភាពនៃការមានកិច្ចប្រជុំ ដែលនៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះ កំពុងត្រូវបានរំពឹងទុកយ៉ាងខ្លាំង។
ប្រធានាធិបតីប្រេស៊ីលគ្រោងនឹងផ្ដល់ហេតុផល ដែលថា អត្រាពន្ធ ៥០ភាគរយដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោនលើទំនិញប្រេស៊ីល គឺជា «កំហុសឆ្គង» ដោយលើកឡើងពីអតិរេកពាណិជ្ជកម្មចំនួន ៤១០ពាន់លានដុល្លារជាមួយប្រេស៊ីល ក្នុងរយៈពេល ១៥ឆ្នាំ។
លោក Lula បានប្រាប់អ្នកសារព័ត៌មានថា៖ «មិនមានប្រធានបទត្រូវបានកំនត់នោះទេ។ យើងអាចពិភាក្សា អំពីតំបន់ហ្កាហ្សា អ៊ុយក្រែន រុស្ស៊ី វ៉េណេស៊ុយអេឡា ធនធានសំខាន់ៗ រ៉ែកម្រ ពោលគឺគ្រប់យ៉ាង»៕