ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បីជំរុញអ៊ីស្រាអែលឲ្យបញ្ឈប់ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងលទ្ធភាពនៃការប្រើប្រាស់ទណ្ឌកម្មនានា ឬបញ្ឈប់ការលក់អាវុធផងដែរ។
ជាសមាជិកអង្គការរបស់អង្គការណាតូ (NATO) ទួរគី ដែលជាអ្នករិះគន់ដោយឥតសំចៃ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានចូលរួមក្នុងការចរចាបទឈប់បាញ់ ក្នុងនាមជាអ្នកសម្រុះសម្រួល បន្ទាប់ពីភាគច្រើនចូលរួមដោយប្រយោល។ ការបង្កើនតួនាទីរបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកាលពីខែកញ្ញា រវាងលោក Erdogan និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន។
នៅលើជើងហោះហើរត្រឡប់ពីដំណើរទស្សនកិច្ច ក្នុងតំបន់ឈូងសមុទ្រ លោក Erdogan បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្នុងនាមជាប្រទេសទួរគី យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យបទឈប់បាញ់ត្រូវបានធានា។ ភាគីក្រុមហាម៉ាសកំពុងគោរពតាមបទឈប់បាញ់។ តាមពិតទៅ ក្រុមនេះកំពុងបញ្ជាក់ដោយបើកចំហនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះរឿងនេះ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងបន្តរំលោភបំពានបទឈប់បាញ់»។
បើយោងតាមប្រតិចារិកនៃការអត្ថាធិប្បាយដែលត្រូវបានចែករំលែកដោយការិយាល័យរបស់លោក នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) លោកបានបន្ថែមថា៖ «សហគមន៍អន្តរជាតិ ពោលគឺសហរដ្ឋអាមេរិក ត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការគោរពយ៉ាងពេញលេញរបស់អ៊ីស្រាអែល ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង។ អ៊ីស្រាអែលត្រូវតែត្រូវបានបង្ខំបន្តរក្សាការសន្យារបស់ខ្លួន តាមរយៈការដាក់ទណ្ឌកម្មនានា ដោយបញ្ឈប់ការលក់អាវុធ»។
ទីក្រុងអង់ការ៉ាបានឲ្យដឹងថា ខ្លួននឹងចូលរួមជាមួយ «ក្រុមកងកម្លាំងពិសេស» ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ ខណៈប្រាប់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន អាចបំពេញតួនាទីទាំងជាយោធា ឬស៊ីវិល តាមតម្រូវការ ហើយបញ្ជាក់ថា ខ្លួននឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការកសាងដែនដីនេះឡើងវិញ៕