អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្វាគមន៍ចំពោះជំនួបដែលនឹងចូលមកដល់នាពេលខាងមុខ របស់ក្រុមទីប្រឹក្សាប្រធានាធិបតីមកពីបារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែនដែលបានគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះក្នុងទីក្រុងប៊ែរឡាំង ស្របពេលកម្ដៅនៃភាពតានតឹងកំពុងកើនកើនឡើងនៅក្នុងតំបន់អឺរ៉ុបខាងកើត ជុំវិញសកម្មភាពបង្កើនកម្លាំងយោធារបស់រុស្ស៊ី។

ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្រោយជំនួបទ្វេភាគីក្នុងទីក្រុងគៀវ (Kyiv)។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា យើងពិតជារំពឹងថានឹងមានលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបថ្នាក់ទីប្រឹក្សាដែលនឹងមកដល់នាពេលខាងមុខ។ លោក Zelenskyy បានជួបលោក Macron ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងពីការឈ្លានពានរបស់រុស្ស៊ីចូលព្រំដែនភាគខាងត្បូងរបស់ខ្លួន។ ក្រុងមូស្គូបានប្រមូលផ្ដុំកម្លាំងទ័ពជាង ១០ម៉ឺននាក់ជិតព្រំដែនអ៊ុយក្រែន ប៉ុន្តែបានទទូចរហូតមកថា ខ្លួនគ្មានគម្រោងវាយប្រហារឡើយ។
នៅសន្និសីទនោះដែរលោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងចាត់វិធានការប្រកបដោយភាពអត់ធ្មត់ ដើម្បីទប់ស្កាត់ជម្លោះដែលអាចរីកកាន់តែធំពីភាគីរុស្ស៊ី។ មេដឹកនាំអ៊ុយក្រែរូបនេះបានបន្ថែមថា ចេតនារបស់រុស្ស៊ីនឹងត្រូវសាកល្បងនៅក្នុងចំណាត់ការជាក់លាក់ទាំងឡាយ ក្នុងជំនួបដែលនឹងមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងក្នុងជំនួបនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់៕
អត្ថបទ៖ សុខមាន