កិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ ទី២៤ ខែតុលា បានជំរុញឱ្យមានចំណាត់ការឲ្យបានកាន់តែលឿនក្នុងការប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ីដើម្បីផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិរបស់ទីក្រុងគីវ ខណៈអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតែពិនិត្យមើលឡើងវិញថាតើត្រូវបញ្ជូនមីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន ដែរឬយ៉ាងណា។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានរៀបចំកិច្ចពិភាក្សា «ក្រុមចម្រុះនៃឆន្ទៈ» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំដែលជាសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីវិធានការថ្មីៗប្រឆាំងទីក្រុងមូស្គូ រួមមានទាំងការដកចេញប្រេងនិងឧស្ម័នរបស់រុស្ស៊ី ចេញពីទីផ្សារពិភពលោក និងការពង្រឹងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។
លោក Rutte បានប្រាប់អ្នកសារព័ត៌មានថា លោកបានពិភាក្សាអំពីបញ្ហាមីស៊ីល Tomahawk ដោយផ្ទាល់ជាមួយលោក Trump ។ បញ្ហានៅតែស្ថិតក្រោមការត្រួតពិនិត្យឡើងវិញដោយលោកប្រធានាធិបតី ហើយជាថ្មីម្តងទៀត វាអាស្រ័យលើសហរដ្ឋអាមេរិកក្នុងការសម្រេចចិត្ត» ។
លោកបាននិយាយបន្ថែមថា វាអាស្រ័យលើសម្ព័ន្ធមិត្តនីមួយៗក្នុងការកំណត់ថាតើអាវុធណាដែលខ្លួននឹងផ្តល់ឲ្យ ដោយបាននិយាយថាសហរដ្ឋអាមេរិក «បាននិងកំពុងផ្តល់ហើយនឹងបន្តផ្តល់សព្វាវុធជាច្រើនប្រភេទ»។

