ប្រដាល់៖ លោក ឃុន ឌីម៉ា គ្រូជំនួយក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ បានប្ដេជ្ញានឹងខិតខំបង្ហាត់កូនសិស្សឲ្យអស់ពីសមត្ថភាព ដើម្បីមានលទ្ធភាពដណ្ដើមមេដាយស៊ីហ្គេមជូនជាតិដូចខ្លួន ទោះបីលោកមិនបានប្រកួតខ្លួនឯងផ្ទាល់ព្រោះបញ្ហារបួសក៏ដោយ។ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ីរូបនេះបានបញ្ជាក់ថា ការប្ដូរពីកីឡាករមកធ្វើជាគ្រូគឺមានការខុសប្លែកច្រើន តែយ៉ាងណាលោកបានព្យាយាមបង្ហាត់កូនសិស្សផង និងហាត់ខ្លួនឯងផង ដើម្បីក្ដោបឱកាសបានឡើងប្រកួតលើសង្វៀនវិញនាថ្ងៃណាមួយ ក្រោយជាសះស្បើយពីរបួស ១០០%។
ពាក់ព័ន្ធនឹងការបង្ហាញក្រុមជម្រើសជាតិវិញ ឃុន ឌីម៉ា បានបង្ហាញសញ្ញាវិជ្ជមានចំពោះសមត្ថភាពសិស្សប្អូនជំនាន់ក្រោយ ហើយលោកប្ដេជ្ញាខំប្រឹងបង្ហាត់ទាំងបច្ចេកទេស និងទំនុកចិត្តសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខ ហើយលោករំពឹងថា កូនសិស្សខ្លួន នឹងអាចស្នងតំណែងក្នុងការដណ្ដើមមេដាយមាសស៊ីហ្គេមជូនជាតិទៀតផង។ សូមបញ្ជាក់ថា អតីតជើងខ្លាំងគុនខ្មែរ ឃុន ឌីម៉ា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ហើយបានវះកាត់នៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០១៩ ដែលនាំឲ្យរូបគេខកខានចូលរួមប្រកួតស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។ បន្ទាប់មកដោយមើលឃើញស្ថានភាព ឌីម៉ា ល្អប្រសើរ សហព័ន្ធក៏សម្រេចតែងតាំងលោកជាគ្រូជំនួយជម្រើសជាតិដើម្បីបង្ហាត់ ក៏ដូចជាចែករំលែកបទពិសោធន៍ដល់សិស្សប្អូនជំនាន់ក្រោយតែម្ដង ដើម្បីសម្រួចការហ្វឹកហាត់ ទាំងសមត្ថភាព និងបច្ចេកទេសសម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ២លើកចំពោះមុខគឺស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមនាខែឧសភាខាងមុខ និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា