តំបន់អាស៊ីអាគ្នេយ៍ គឺជាអ្នកទទួលជ័យជម្នះធំបំផុតមួយពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជាមួយប្រទេសចិន ក្នុងឆ្នាំ២០១៨ ដោយបានទាក់ទាញក្រុមហ៊ុនផលិតទៅកាន់តំបន់នេះដើម្បីបញ្ចៀសការដំឡើងពន្ធថ្មីលើទំនិញរបស់ចិន។
វាទទួលបានអត្ថប្រយោជន៍ពីការវិនិយោគ ចំណូលពន្ធ និងការផ្ទេរបច្ចេកវិទ្យាដែលភ្ជាប់មកជាមួយការពង្រីកគំនិតខ្សែច្រវ៉ាក់ផ្គត់ផ្គង់ «ចិនបូកមួយ China Plus One»។
៧ឆ្នាំក្រោយមក តំបន់អាស៊ីអាគ្នេយ៍រកឃើញថាខ្លួនឯងស្ថិតក្នុងស្ថានភាពខុសគ្នាខ្លាំងខណៈសង្រ្គាមពាណិជ្ជកម្មលើកទីពីររបស់លោក Trump អូសបន្លាយពេល ហើយវាត្រូវបានរួមរឹតសងខាងដោយមហាអំណាចសេដ្ឋកិច្ចកំពូលៗទាំងពីររបស់ពិភពលោក។ ការដំឡើងពន្ធថ្មីពីសហរដ្ឋអាមេរិក គំរាមកំហែងដល់សេដ្ឋកិច្ចជំរុញការនាំចេញរបស់ខ្លួន ខណៈវាក៏កំពុងប្រឈមនឹងការកើនឡើងដាច់ដោយឡែកនៃទំនិញរបស់ចិនដែលកំពុងស្វែងរកជម្រើសជំនួសទីផ្សារសហរដ្ឋអាមេរិក។ លោក Jayant Menon អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានមួយក្នុងប្រទេសសិង្ហបុរីបាននិយាយថា បច្ចុប្បន្ន តំបន់នេះកំពុងព្យាយាមស្វែងរកផ្លូវឆ្ពោះទៅមុខ ទោះបីជាមានសម្ពាធសេដ្ឋកិច្ចក៏ដោយ។ លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា «តំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងព្យាយាមប្រៀបបានដូចដើរលើខ្សែពួរ និងទប់លំនឹងឲ្យមានតុល្យភាពនៃការមិនជ្រើសរើសរវាងភាគីសហរដ្ឋអាមេរិក និងចិន។ ប្រទេសទាំងពីរនេះ គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់» ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាប្លុកតំបន់មាន១០ប្រទេស និងបូករួមសមាជិកថ្មីគឺប្រទេសទីម័រខាងកើត។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីបួនរបស់ខ្លួន ប៉ុន្តែវាមានសារសំខាន់លើសពីវិស័យផ្សេងៗទៀត ដូចជាសន្តិសុខក្នុងតំបន់ជាដើម។

