នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃសៅរ៍ (ទី២៥ ខែតុលា) នេះ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បន្ថែមជាមួយកម្ពុជា។
លោក Anutin បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងនៅទីក្រុងគួឡាឡាំពួ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃអាទិត្យ ហើយនឹងត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនោះ ដោយសារការសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី Sirikit នៃព្រះរាជាណាចក្រមួយនេះ។ ហើយជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល APEC នៅសប្តាហ៍ក្រោយនោះទេ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានននិងកំពុងជួបប្រជុំគ្នា នៅថ្ងៃសៅរ៍នេះ ដើម្បីចាប់ផ្តើមចុងសប្តាហ៍នៃការទូតសាកល ក្នុងរដ្ឋធានីរបស់ម៉ាឡេស៊ី ជាមួយនឹងក្រុមមកពីសហរដ្ឋអាមេរិក និងចិន ដែលបើកកិច្ចចរចាពាណិជ្ជកម្មរួមជាមួយនឹងកិច្ចប្រជុំកំពូលនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងមកដល់ទីក្រុងគូឡាឡាំពួ នៅព្រឹកថ្ងៃអាទិត្យ ដែលជាការឈប់សំចតទី១ នៃការធ្វើដំណើររបស់លោកឆ្លងកាត់តំបន់អាស៊ី ហើយគ្រោងនឹងធ្វើជាសាក្សី អំឡុងពេលព្រះរាជាណាចក្រកម្ពុជា និងថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ បន្ទាប់ពីលោកបានជួយសម្របសម្រួលឲ្យបញ្ចប់ជម្លោះព្រំដែនរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា៕

