អង់គ្លេស៖ កងទ័ពអង់គ្លេសបានចូលរួមជាមួយសម្ព័ន្ធណាតូ សម្រាប់សមយុទ្ធយោធាក្នុងប្រទេសអេស្តូនី ស្របពេលមានភាពតានតឹងខ្លាំងរវាងអ៊ុយក្រែន និងរុស្ស៊ី។ កងទ័ពទាំងនោះត្រូវបានបញ្ជូនទៅហ្វឹកហាត់ជាមួយកងទ័ពប្រទេសអេស្តូនី ជាផ្នែកមួយនៃបេសកកម្មការពារ ខណៈមានក្ដីបារម្ភថានឹងមានការឈ្លានពានចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ី។

ទោះបីជាកងកម្លាំងអង្គការណាតូបានធ្វើសមយុទ្ធនានានៅក្នុងសមុទ្របាល់ទិក ចាប់តាំងពីតំបន់គ្រីមៀត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ីក្ដី នៅពេលនេះចក្រភពអង់គ្លេសកំពុងពិចារណា បញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសអេស្តូនី ជាការបង្ហាញកម្លាំងយោធា។ សម្ព័ន្ធណាតូក៏កំពុងពិភាក្សាគ្នាផងដែរពីផែនការនានា ក្នុងការបញ្ជូនកងវរសេនាតូចទៅកាន់ប្រទេសស្លូវាគី ហុងគ្រី ប៊ុលហ្គារី និងរ៉ូម៉ានី។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា លោកកំពុងពិភាក្សាពីការបញ្ជូនយន្តហោះចម្បាំង RAF Typhoon និងនាវាចម្បាំងកងទ័ពជើងទឹក Royal Navy ទៅកាន់អឺរ៉ុបតំបន់ភាគអាគ្នេយ៍។
លោក Kusti Salm អគ្គមេបញ្ជាការយោធានៃក្រសួងការពារជាតិអេស្តូនីបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីមានជាង ១.៥០០០នាក់នៅក្នុងប្រទេសបេឡារុស្ស និងបានព្រមានថាចំនួននេះអាចនឹងកើនឡើងទ្វេដង។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកបើកយន្តហោះមកពីប្រទេសក្រិក និងសហរដ្ឋអាមេរិកបានហ្វឹកហាត់សមយុទ្ធនៅលើសមុទ្រអ៊ីយ៉ូនី (Ionian) ជាផ្នែកមួយនៃប្រតិបត្តិការរបស់អង្គការណាតូ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ណាតូ សមយុទ្ធនេះមានគោលបំណងដើម្បីធានាឲ្យបាននូវការត្រៀមខ្លួនរួចរាល់ សម្រាប់ប្រតិបត្តិការកម្រិតខ្ពស់ពីគ្រប់ប្រទេសដែលជាសមាជិករបស់ខ្លួន៕
អត្ថបទ៖ សុខមាន