លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រហែលជាមិនមានវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី ២៦-២៦ ខែតុលានោះទេ ប៉ុន្តែវឌ្ឍនភាព ក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា អាចនាំទៅដល់ការជំរុញពាណិជ្ជកម្មដែលត្រូវការយ៉ាងខ្លាំង បន្ទាប់ពីការចរចារបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន នៅដើមឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេស លោក S. Jaishankar នឹងតំណាងឲ្យប្រទេសឥណ្ឌា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងគួឡាឡាំពួ ខណៈដែលលោក Modi កំពុងមមាញឹកនឹងយុទ្ធនាការ ក្នុងរដ្ឋ Bihar មុនការបោះឆ្នោត។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីរូបនេះ ដោយគូសបញ្ជាក់អំពីសារៈសំខាន់ដែលភ្ជាប់ទំនាក់ទំនងរបស់ឥណ្ឌា ជាមួយតំបន់អាស៊ីអាគ្នេយ៍ នឹងចូលរួមតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា នៅថ្ងៃទី២៦ ខែតុលា ជាពេលដែលស្ថានភាពនៃការត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនងជានឹងលេចឡើង ក្នុងអំឡុងពេលមានការវាយតម្លៃរួមនៃទំនាក់ទំនងជាមួយមេដឹកនាំអាស៊ាន។
កាលពីថ្ងៃទី២៣ ខែតុលា ដោយយោងទៅកាន់ការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim លោក Modi បានលើកឡើងថា៖ «កំពុងទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា តាមប្រព័ន្ធអនឡាញ និងទន្ទឹងរង់ចាំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា»។
គួរដឹងថា ឥណ្ឌាបានជំរុញឲ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចព្រមព្រៀងទំនិញ (AITIGA) ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៩។ ការចរចាបានចាប់ផ្តើមនៅឆ្នាំ២០២៣ ដោយមានគោលបំណងធ្វើកិច្ចព្រមព្រៀងកាន់តែប្រសើរជាងមុន និងដោះស្រាយបញ្ហានានា ទាក់ទងនឹងសេរីភាវូបនីយកម្មទីផ្សារ៕

