ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នៅថ្ងៃសៅរ៍ (ទី២៥ ខែតុលា) នេះ បានរិះគន់ដោយផ្ទាល់ទៅលើអង្គការសហប្រជាជាតិ (UN) និងស្ថាប័នពហុភាគីផ្សេងទៀត ដោយនិយាយថា ពួកគេ «ឈប់ធ្វើការ» និងមិនអាចការពារជនរងគ្រោះដោយសារសង្រ្គាម នៅតំបន់ហ្កាហ្សា។
លោក Lula បានលើកឡើងបែបនេះបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅមុនកិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ ដែលមេដឹកនាំប្រេស៊ីល ទំនងជានឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
បន្ទាប់ពីមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំង២ លោក Lula បានប្រាប់អ្នកយកព័ត៌មានថា៖ «តើអ្នកណាអាចទទួលយកបាននូវអំពើប្រល័យពូជសាសន៍ ដែលបានកើតឡើង នៅតំបន់ហ្កាហ្សាស្ទ្រីបអស់រយៈពេលជាយូរមកហើយនោះ?»។
លោក Lula បានបន្ថែមថា៖ «ស្ថាប័នពហុភាគីដែលត្រូវបានបង្កើតឡើង ដើម្បីការពារកុំឲ្យរឿងទាំងនេះកើតឡើង បានឈប់ធ្វើការហើយ។ ឥឡូវនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង UN លែងបំពេញតួនាទីបានយ៉ាងសមស្របទៀតហើយ»៕



