អ្នកចរចាសេដ្ឋកិច្ចជាន់ខ្ពស់របស់រុស្ស៊ី បានប្រាប់កាលពីថ្ងៃសុក្រ (ទី២៤ ខែតុលា)ថា លោកបានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីធ្វើការពិភាក្សានានា ពោលគឺ ២ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំបំផុតចំនួន ២ របស់ទីក្រុងមូស្គូ។
ដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដែលការខកចិត្តរបស់សហរដ្ឋអាមេរិកមានកាន់តែខ្លាំងឡើងៗ ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងការបដិសេធរបស់លោក ក្នុងការមិនយល់ព្រមឈានដល់បទឈប់បាញ់ សម្រាប់សង្រ្គាមជិត ៤ឆ្នាំ នៅអ៊ុយក្រែន។
នៅដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលគម្រោងមានកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី នៅទីក្រុង Budapest ប្រទេសហុងគ្រី ដោយនិយាយថា លោកមិនចង់បានកិច្ចប្រជុំ «ខ្ជះខ្ជាយពេលវេលា» នោះទេ។
បេសកជនសេដ្ឋកិច្ចកំពូលរបស់លោក Putin គឺលោក Kirill Dmitriev បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «បានមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីបន្តការសន្ទនាអាមេរិក-រុស្ស៊ី ពោលគឺជាទស្សនកិច្ចដែលត្រូវបានគ្រោងទុកមួយរយៈមកហើយ ដោយមានការអញ្ជើញពីភាគីសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះដែរ បេសកជនរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា លោកនឹងបង្ហាញជំហររបស់រុស្ស៊ី ចំពោះសង្គ្រាមអ៊ុយក្រែន ក្នុងជំនួបជាមួយមន្ត្រីរបស់រដ្ឋបាលលោក Trump ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក បានកំណត់គោលដៅលើក្រុមហ៊ុន Rosneft និង Lukoil ជាក្រុមហ៊ុន ២ ដែលមានបរិមាណច្រើនជាងពាក់កណ្តាលនៃទិន្នផលប្រេងរបស់រុស្ស៊ី ហើយមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សំណូលរបស់ទីក្រុងមូស្គូ ជាការប៉ុនប៉ងបង្ខំឲ្យព្រមបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន៕

