ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រសួងសុខាភិបាល បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅភាគខាងត្បូងនៃប្រទេសលីបង់ កាលពីថ្ងៃសុក្រ (ទី២៤ ខែតុលា) ដោយយោធារបស់អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើសមាជិករបស់ក្រុមហេសបូឡា។
យោងតាមទីភ្នាក់ងារព័ត៌មានជាតិផ្លូវការរបស់លីបង់ (NNA) បានឲ្យដឹងថា បុរសម្នាក់ «ត្រូវបានដាក់គោលដៅដោយយានដ្រូនដែលមានមីស៊ីលនាំផ្លូវរបស់អ៊ីស្រាអែល ពេលរូបគេកំពុងបើកបរ» តាមដងផ្លូវទៅកាន់ភូមិ Toul ដែលនៅមិនឆ្ងាយពីទីក្រុង Nabatieh។
ជនរងគ្រោះ ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Abbas Hassan Karaki។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបាន «វាយប្រហារ និងសម្លាប់» Karaki ដោយចាត់ទុករូបគេថា ជា «មេបញ្ជាការផ្នែកដឹកជញ្ជូននៃទីស្នាក់ការកណ្តាលសមរភូមិភាគខាងត្បូងរបស់ក្រុមហេសបូឡា»។
យោធាបានបន្ថែមថា លោក Karaki បានដឹកនាំកិច្ចប្រឹងប្រែង ដើម្បីកសាងឡើងវិញនូវសមត្ថភាពប្រយុទ្ធរបស់ក្រុមហេសបូឡា បន្ទាប់ពីមានសង្គ្រាមកាលពីឆ្នាំមុនជាមួយអ៊ីស្រាអែល ហើយថា ជននេះក៏ទទួលខុសត្រូវផងដែរ «សម្រាប់ការគ្រប់គ្រងការផ្ទេរ និងការរក្សាទុកអាវុធ នៅភាគខាងត្បូងលីបង់»។
ជាមួយគ្នានេះ ក្រោយមក ក្រសួងសុខាភិបាល បានរាយការណ៍ថា «ការវាយប្រហាររបស់អ៊ីស្រាអែល សំដៅលើរថយន្ត ១គ្រឿង» បានសម្លាប់មនុស្សម្នាក់ និងរបួសម្នាក់ទៀត ដែលនៅជិតទីក្រុង Nabatieh ផងដែរ។
ការវាយប្រហារចុងក្រោយនេះកើតឡើង មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូង និងខាងកើតលីបង់ បានសម្លាប់មនុស្ស ៤នាក់ ក្នុងនោះរួមមានទាំងស្ត្រីចំណាស់ម្នាក់ផងដែរ៕

