ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារ៉ានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ ការផ្តល់នូវពានរង្វាន់នេះ ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រឹងប្រែងចូលរួមគ្រប់សកម្មភាពដើម្បីសង្គម ជាពិសេសការលះបង់កម្លាំងកាយ ចិត្ត ស្មោះស្ម័គ្រ ជួយជ្រោមជ្រែង គាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូបភាព មិនថាក្នុងដំណាក់កាលដែលប្រទេសជួបទុក្ខលំបាកឬសន្តិភាពឡើយ។
ឯកឧត្តមថ្លែងថា៖«គ្រប់សកម្មភាពទាំងអស់របស់ សមាជិក សមាជិការយើង គឺដើម្បីបំពេញបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងនាមជាយុវជនបន្តវេន»។
បើតាមប្រសាសាសន៍ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ពានរង្វាន់ដែល ស.ស.យ.ក ទទួលបាននៅក្នុងដៃនាពេលនេះ គឺសម្រាប់ក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្នាគឺជាម្ចាស់នៃជ័យលាភីមួយនេះ។ នេះគឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដែលជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិក របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ក្រោម ទិសស្លោក យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ។
ឯកឧត្តម បានអបអរសាទរចំពោះជោគជ័យដ៏ត្រចេះត្រចង់របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។ ភាពជោគជ័យមួយដែល ស.ស.យ.ក. ទទួលបាននោះគឺជាការដែលបានបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសការបង្ហាញពីសក្តានុពលយុវជនរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕