ប្រធានាធិបតីអាមេរិកលោក Donald Trump បានទៅដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យ ២៦ តុលា នេះ ក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីដែលនឹងរួមបញ្ចូលការពិភាក្សាពាណិជ្ជកម្មជាមួយសមភាគីចិនលោក Xi Jinping ។
លោក Trump គ្រោងនឹងជួបលោក Xi នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចុងក្រោយនរបស់លោកក្នុងគោលបំណងទទួលបានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
ខណៈលោកចាកចេញពីទីក្រុងវ៉ាស៊ីនតោន លោក Trump បានបន្ថែមក្ដីរំពឹងទុកថា លោកអាចជួបមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ នៅពេលរូបលោកស្ថិតនៅឧបទ្វីបកូរ៉េ ដោយនិយាយថាលោកបើកចំហចំពោះជំនួបជាថ្មីទៀត។
ប្រធានាធិបតីអាមេរិកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងដំណើរលើកដំបូងរបស់លោកទៅកាន់អាស៊ីផងដែរ ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា ក្រោមគោលនយោបាយដំឡើងពន្ធ និងកិច្ចព្រមព្រៀងអន្តរជាតិដ៏ចម្រូងចម្រាស។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាលោកសង្ឃឹមសម្រាប់ កិច្ចព្រមព្រៀងដ៏ទូលំទូលាយ ជាមួយលោក Xi ដោយបន្ថែមថាលោករំពឹងថាប្រទេសចិននឹងធ្វើកិច្ចព្រមព្រៀងមួយដើម្បីចៀសវាងការដំឡើងពន្ធ១០០ភាគរយបន្ថែមទៀតដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែវិច្ឆិកា៕