ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ ២៥ តុលា បាននិយាយសម្រាលការរំពឹងទុកនៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅពេលណាមួយក្នុងពេលឆាប់ៗនេះ ទោះអ្នកចរចាជាន់ខ្ពស់របស់វិមានក្រឹមឡាំង បានប្រមូលផ្តុំសម្រាប់កិច្ចពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលលោកធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីផែនការសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Putin នៅទីក្រុង Budapest ថា លោកនឹងដឹងថាពួកលោកនឹងធ្វើកិច្ចព្រមព្រៀង។លោកមិនចង់ខ្ជះខ្ជាយពេលវេលារបស់លោកទេ ។
លោក Trump បាននិយាយថា រូបលោកតែងតែមានទំនាក់ទំនងដ៏ល្អជាមួយលោក Putin ប៉ុន្តែរឿងនេះបានធ្វើឱ្យខកចិត្តយ៉ាងខ្លាំង។លោកគិតថាកិច្ចព្រមព្រៀងនោះ នឹងត្រូវបានធ្វើមុនសន្តិភាពនៅមជ្ឈិមបូព៌ា។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបានធ្វើឡើង ខណៈអ្នកចរចារបស់វិមានក្រឹមឡាំង លោក Kirill Dmitriev បានជួបជាមួយក្រុមមន្ត្រីរដ្ឋបាលលោកTrump កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ នេះបើតាមប្រភពពីរុស្ស៊ីដែលដឹងពីកិច្ចពិភាក្សា បានប្រាប់សារព័ត៌មាន AFP ។ ការពិភាក្សា ត្រូវគេរំពឹងថានឹងបន្តនៅថ្ងៃអាទិត្យនេះ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាលោក Dmitriev បានជួបបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff កាលពីថ្ងៃសៅរ៍នៅរដ្ឋ Florida ៕