មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង Valencia ភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ២៥ តុលា ហើយបានអំពាវនាវឱ្យមេដឹកនាំតំបន់អភិរក្សនិយមលោក Carlos Mazon លាលែងពីតំណែងជុំវិញការដោះស្រាយបញ្ហាទឹកជំនន់ដ៏គំហុក ដែលបានសម្លាប់មនុស្ស ២២៩ នាក់កាលពីឆ្នាំមុន។
ការបង្ហាញបដាដែលមានសារដូចជា "បញ្ជូនលោក Mazonទៅពន្ធនាគារ" និងស្រែកថា "ពួកគេពុំបានស្លាប់ទេ តែពួកគេត្រូវបានសម្លាប់" ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាពេញកណ្តាលទីក្រុង Valencia ជាលើកទី១២ ចាប់តាំងពីទឹកជំនន់ដ៏គំហុក បានកើតឡើងជិតមួយឆ្នាំមុន។
អ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់បានចោទប្រកាន់រដ្ឋាភិបាលក្នុងតំបន់ថាបានចេញការជូនដំណឹងយឺតពេលបន្ទាប់ពីអគារបានស្ថិតនៅក្រោមទឹកហើយមនុស្សជាច្រើនបានលង់ទឹកនៅក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងទឹកជំនន់ដ៏មហន្តរាយបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៦៧។
ការស៊ើបអង្កេតរបស់តុលាការកំពុងដំណើរការ លើករណីការឆ្លើយតបបន្ទាន់។ កាលពីថ្ងៃព្រហស្បតិ៍ តុលាការបានកោះហៅអ្នកកាសែតក្នុងស្រុកម្នាក់ ដែលបានទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Mazon នៅថ្ងៃមានគ្រោះទឹកជំនន់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ ។
អាជ្ញាធរអេស្ប៉ាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សាកសពបុរសវ័យ៥៦ ឆ្នាំម្នាក់ត្រូវបានគេរកឃើញកប់ក្នុងល្បប់ មួយឆ្នាំបន្ទាប់ពីត្រូវបានទឹកហូរកួច៕