កោះកុង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា មានប្រជាពលរដ្ឋជាង ៦ម៉ឺន៣ពាន់នាក់ បានមកទទួលការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនិងភាពជឿជាក់។
គិតមកទល់ម៉ោងនេះ មានប្រជាពលរដ្ឋចំនួន ៦ម៉ឺន៣.០២៨នាក់ហើយបានចាក់វ៉ាក់សាំងដូសទី៣ តាមទីតាំងមណ្ឌលដែលកំណត់ដោយមន្រ្តីសុខាភិបាល និងកងទ័ពយោធា។ ក្នុងចំណោមនោះ មានស្រ្តី២ម៉ឺន៩ពាន់នាក់ បើគិតជាភាគរយស្មើនឹង៦៨ភាគរយ។បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បន្ថែមទៀតថា ដំណើរការមកចាក់វ៉ាក់សាំងរបស់ពលរដ្ឋគឺធ្វើឡើង ដោយការស្ម័គ្រចិត្ត និងជឿជាក់អំពីប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ការឆ្លងរីករាលដាលជំអឺកូវីដ១៩។
ចំពោះពលរដ្ឋជាង ៣០ភាគរយដែលមិនទាន់មកចាក់វ៉ាក់សាំងដូសទី៣នេះបណ្តាលមកពីមានពលរដ្ឋមួយចំនួនធ្លាប់កើតជំងឺកូវីដ ការបើកទូលំទូលាយរបស់រាជរដ្ឋាភិបាលពលរដ្ឋអាចជ្រើសរើសប្រភេទវ៉ាក់សាំងចាក់នៅរាជធានីភ្នំពេញ និងខ្លះទៀតមានមតិអវិជ្ជមានមួយចំនួនអំពីថ្នាំវ៉ាក់សាំងពុំទាន់ព្រមមកចាក់។
តែទោះយ៉ាងណាមន្រ្តីសុខាភិបាល និងគ្រូពេទ្យយោធា បានពង្រីកទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងដល់មូលដ្ឋានភូមិឃុំក្បែរលំនៅដ្ឋានពលរដ្ឋ ក្នុងគោលបំណងបង្ខិតសេវានេះកាន់តែជិតនឹងប្រជាពលរដ្ឋ។
ដើម្បីសម្រេចជោគជ័យលើដំណើរការចាក់វ៉ាក់សាំងឱ្យគ្រប់ចំនួន ១០០ភាគរយតប នឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ភ្ជាប់នឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ កន្លងទៅមានគ្រូពេទ្យ កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជួរមុខចំនួន ៤.៩៤០នាក់ ស្រ្តី១.៥៧៧នាក់ បានចាក់វ៉ាក់សាំងដូសទី៤ គ្រាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពអ្នកពាក់ព័ន្ធ ព្រមទាំងបើកឱកាសស្តារសេដ្ឋកិច្ចសង្គមឡើងវិញនាពេលបច្ចុប្បន្ន៕



