លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយថា លោកស្រី បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជជែកតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា ការពង្រឹង សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺជាអាទិភាពកំពូលសម្រាប់លោកស្រី ។
ការសន្ទនាតាមទូរស័ព្ទនេះ កើតឡើងមុនគម្រោងដំណើរទស្សនកិច្ចរបស់លោកTrumpទៅកាន់ទីក្រុង Tokyo និងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោកស្រី Takaichi ឡើងកាន់តំណែងនៅដើមសប្ដាហ៍នេះ។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសទាំងពីរបានព្រមព្រៀងថានឹងធ្វើការឆ្ពោះទៅរកការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក ឲ្យដល់ចំណុចថ្មីៗបន្ថែមទៀត។
លោកស្រីបានប្រាប់លោក Trump ថា ការពង្រឹងសម្ព័ន្ធភាពជប៉ុន -អាមេរិក គឺជា ចំណុចអាទិភាពកំពូលរបស់រដ្ឋបាលលោកស្រី លើផ្នែកការទូត និងសន្តិសុខ។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X លោកស្រីបាននិយាយថាការសន្ទានារវាងលោកស្រី និងប្រធានាធិបតីអាមេរិក ប្រព្រឹត្តទៅយ៉ាងល្អ និងប្រកបដោយភាពស្មោះត្រង់។
គួរឲ្យដឹងថា លោក Trump គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅថ្ងៃចន្ទក្នុងដំណើរមកកាន់តំបន់អាស៊ី មុនដំណើររបស់លោកសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងប្រទេសកូរ៉េខាងត្បូង ៕