នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញហើយ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាក្នុងន័យបង្ហាញពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលមាន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩:០០នាទីយប់ ភាគីទាំងពីរបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ។
លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។
ការកែសម្រួលយុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។
បន្ទាប់ពីមានភាពតានតឹង អស់រយៈពេលកន្លងមកនេះ ហើយផ្ទុះអាវុធរយៈពេល៥ថ្ងៃ កាលពីខែកក្កដាកន្លងទៅ នៅពេលនេះ កម្ពុជា-ថៃ បានឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសម្រេចកិច្ចព្រមព្រៀងមួយដែលឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាព ស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូ ទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនឹងនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។






