ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខនាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២នេះ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា ក្រៅពីការស្នើចុះបញ្ជីខាងលើយើង ក៏មានបណ្តាញ ទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្ដានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌល ប្រល័យពូជ សាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្រសួងបាន យកចិត្តទុកដាក់និងសហការជាមួយសហគមន៍ ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែង សិល្បៈដោយក្នុងនោះក្រសួងបានស្តារល្ខោនវត្តកៀនស្វាយក្រៅ ឱ្យរស់រានឡើងវិញ ព្រមទាំង បានពង្រឹងការថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗនៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨។
ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀង សម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ , ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ “នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។
ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈ ដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរ។
ជាពិសេសគិតមកដល់ថ្ងៃនេះ យើងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិរួចទៅហើយ នៅក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្តខិតខំប្រឹងប្រែងអនុវត្ត និងសហការអនុវត្តការងារគ្រប់មុខព្រួញទាំងអស់ នៃយុទ្ធសាស្ត្រ ទាំងការងារក្នុងវិស័យវប្បធម៌ ការងារក្រៅវិស័យវប្បធម៌ និងការងារអន្តរវិស័យ ដោយអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣៕ អត្ថបទ រដ្ឋា






