ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងកាលពីថ្ងៃអាទិត្យ (២៦ តុលា) ថា ទីក្រុងមូស្គូ បានសាកល្បងដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅ ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ Burevestnik ថ្មីរបស់ខ្លួន ដោយនេះជាអាវុធនុយក្លេអ៊ែរដែលរុស្ស៊ីនិយាយថា អាចទម្លុះគ្រប់ខែលការពារទាំងអស់ ហើយនឹងឆ្ពោះទៅទម្លាក់គ្រាប់ដែលផ្ទុកក្នុងមីស៊ីលនោះ។

ការសាកល្បងនេះ បូករួមនឹងសមយុទ្ធនុយក្លេអ៊ែរមួយផ្សេងទៀតកាលពីសប្តាហ៍មុន បានផ្ញើសារថា រុស្ស៊ី — តាមសម្ដីរបស់លោក Putin — នឹងមិនចុះញ៉មនឹងសម្ពាធពីលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែនឡើយ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ដើម្បីជំរុញឱ្យមានបទឈប់បាញ់។
មន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ី លោក Valery Gerasimov ប្រធាននាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រាប់លោក Putin ថា មីស៊ីលនេះធ្វើដំណើរបានចម្ងាយ ១៤.០០០គីឡូម៉ែត្រ ហើយអាចហោះលើអាកាសប្រហែល ១៥ម៉ោង អំឡុងពេលសាកល្បងកាលពីថ្ងៃទី ២១ ខែតុលា។
រុស្ស៊ីនិយាយថា មីស៊ីល 9M730 Burevestnik (ឬហៅម្យ៉ាងទៀតថា Storm Petrel) ដែលអង្គការណាតូដាក់ឈ្មោះថា SSC-X-9 Skyfall គឺជាសព្វាវុធដ៏ខ្លាំងក្លា ដែលខែលការពារមីស៊ីលទាំងពេលបច្ចុប្បន្ន និងអនាគត "មិនអាចយកឈ្នះបានទេ" ជាមួយនឹងរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ និងផ្លូវហោះហើរដែលមិនអាចទាយទុកជាមុនបាន។
ថ្លែងក្នុងសំលៀកបំពាក់យោធានៅកិច្ចប្រជុំជាមួយមេទ័ពដែលមើលការខុសត្រូវសង្គ្រាមនៅអ៊ុយក្រែន លោក Putin បាននិយាយថា "មីស៊ីលនេះជាវត្ថុតែមួយគត់ដែលគ្មាននរណាម្នាក់លើពិភពលោកមាននោះឡើយ" នេះបើយោងតាមសុន្ទរកថាដែលចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ៕

