លោកប្រធានាធិបតីអាមេរិក Donald Trump បានចេញការគំរាមថ្មីៗ ទៅកាន់ក្រុមហាម៉ាសកាលពីចុងសប្ដាហ៍នេះ ដោយនិយាយថា ក្រុមភេរវករនេះនឹងត្រូវស្តីបន្ទោស ប្រសិនបើបទឈប់បាញ់បានដួលរលំ ហើយបានលើកឡើងអំពីការអះអាងម្តងទៀតរបស់អ៊ីស្រាអែលថា ក្រុមនេះបានជ្រើសរើសមិនប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់មួយចំនួនទៀត ទោះបីជាអាចធ្វើបានក៏ដោយ។

លោកបានព្រមានថាលោកនឹងតាមដានរាល់សកម្មភាពរបស់ក្រុមហាម៉ាសយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់។
លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅពេលដែលលោកបានជួបជាមួយព្រះចៅអធិរាជ និងនាយករដ្ឋមន្ត្រីរបស់ប្រទេសកាតា នៅលើយន្តហោះAir Force One ។
រដ្ឋឈូងសមុទ្រមួយនេះ បានដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់នៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមាននៅដើមខែនេះ។
កិច្ចព្រមព្រៀង តម្រូវឱ្យក្រុមហាម៉ាសប្រគល់ចំណាប់ខ្មាំងទាំងរស់ ទាំងអ្នកស្លាប់ ទាំងអ្នកនៅមានជីវិត។មកទល់ពេលនេះ ក្រុមហាម៉ាសបានដោះលែង សាកសពចំណាប់ខ្មាំង ១៥នាក់ ដែលបានស្លាប់ រួមជាមួយអ្នកនៅមានជីវិត ២០នាក់ ។សាកសពមនុស្ស ១៣ នាក់ផ្សេងទៀតនៅតែបន្តនៅហ្កាហ្សា។ ក្រុមភេរវជនបានអះអាងថា ខ្លួនមិនអាចចូលទៅដល់សាកសពទាំងអស់ ហើយក៏មិនដឹងថាសាកសពខ្លះនៅទីណាដែរ៕

