យោធាទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយកាលពីថ្ងៃអាទិត្យ (២៦ តុលា) ថា ទាហានប៉ាគីស្ថានចំនួន ៥នាក់ និងក្រុមសកម្មប្រយុទ្ធ ២៥នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាថ្មីមួយនៅជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន ខណៈគណៈប្រតិភូនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង ក្រោយការប្រយុទ្ធដ៏បង្ហូរឈាមបំផុតក្នុងពេលជាច្រើនឆ្នាំមកនេះ។

អង្គភាពប្រព័ន្ធផ្សព្វផ្សាយយោធាប៉ាគីស្ថាន បាននិយាយថា ពួកសកម្មប្រយុទ្ធបានព្យាយាមឆ្លងព្រំដែនពីអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅ ក្នុងស្រុក Kurram និង Waziristan ភាគខាងជើង ដែលជាតំបន់សម្បូរដីភ្នំរដិបរដុបតាមបណ្តោយព្រំដែនភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
យោធានេះបន្តថា ការប៉ុនប៉ងជ្រៀតចូលព្រំដែននេះ បានធ្វើឱ្យមានការសង្ស័យលើចេតនារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន "ទាក់ទងនឹងការដោះស្រាយបញ្ហាអំពើភេរវកម្ម ដែលផុសចេញពីទឹកដីរបស់ខ្លួន" ។
ការបង្ហូរឈាមថ្មីនេះ បានកើតឡើងស្របពេលមន្ត្រីនៃប្រទេសទាំងពីរកំពុងជួបប្រជុំក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទប់ស្កាត់ជម្លោះ ក្រោយការប៉ះទង្គិចកាលពីដើមខែនេះរវាងកងទ័ពពួកគេ ដែលជាការប្រយុទ្ធតាមព្រំដែនដ៏អាក្រក់បំផុត ចាប់តាំងពីពួកតាលីបង់ ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល នៅឆ្នាំ២០២១ មក។
ភាគីអាហ្វហ្គានីស្ថាន មិនទាន់អត្ថាធិប្បាយលើការប៉ះទង្គិចថ្មីនេះទេ។ កន្លងមក ពួកតាលីបង់បានបដិសេធការចោទប្រកាន់ទាំងឡាយលើការផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធ ហើយនិយាយថា ប្រតិបត្តិការយោធារបស់ប៉ាគីស្ថាន បានរំលោភលើអធិបតេយ្យភាពអាហ្វហ្គានីស្ថាន៕

