ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ (២៦ តុលា) ថា យន្តហោះទម្លាក់គ្រាប់បែក H-6K របស់ចិនមួយក្រុម នាពេលថ្មីៗនេះ បានហោះហើរទៅជិតកោះតៃវ៉ាន់ ដើម្បីអនុវត្ត "សមយុទ្ធប្រឈមមុខដាក់គ្នា" ដែលជាការផ្សព្វផ្សាយជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលអំពីសកម្មភាពបែបនេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីចិន លោក Xi Jinping គ្រោងបើកជំនួបដ៏សំខាន់នៅកូរ៉េខាងត្បូង។

គណនីបណ្ដាញសង្គម Weibo របស់ប៉ុស្តិ៍យោធាទូរទស្សន៍រដ្ឋចិន បាននិយាយថា៖ ថ្មីៗនេះ - ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ - អង្គភាពមកពីបញ្ជាការយោធាភាគខាងកើត បានធ្វើការហ្វឹកហ្វឺនតម្រង់ទិសប្រយុទ្ធ ដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងផ្នែកដូចជា ការបិទខ្ទប់ផ្លូវអាកាស និងការវាយប្រហារដោយភាពជាក់លាក់។
សេចក្ដីបង្ហោះនេះបន្ថែមថា "យន្តហោះចម្បាំង J-10 ជាច្រើនគ្រឿង បានហោះហើរក្នុងទម្រង់ប្រយុទ្ធទៅកាន់ដែនអាកាសគោលដៅដែលបានកំណត់ ហើយយន្តហោះទម្លាក់គ្រាប់បែក H-6K ជាច្រើនគ្រឿងក៏បានទៅកាន់ដែនទឹក និងដែនអាកាសជុំវិញតំបន់តៃវ៉ាន់ ដើម្បីអនុវត្តសមយុទ្ធប្រឈមមុខដាក់គ្នា" ដោយមិនផ្តល់ទីតាំងជាក់លាក់នោះទេ។
គួរឱ្យដឹងថា យាន H-6K នេះគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន។ ការបង្អួតកម្លាំងយោធារបស់ទីក្រុងប៉េកាំង កើតឡើងស្របពេលជំនួបដែលពិភពលោកទន្ទឹងរង់ចាំមើល រវាងលោក Trump និងលោក Xi ខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីភាពតានតឹងពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក៕

