មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំប្រកបដោយផ្លែផ្កា រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោកប្រធានាធិបតីចិន Xi Jinping នៅសប្តាហ៍នេះ។

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កំពុងស្វែងរកភាពស្ងប់ស្ងាត់ផ្នែកសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីលោក Trump បានគំរាមដំឡើងពន្ធថ្មីលើទំនិញរបស់ចិន ក្នុងការសងសឹកចំពោះការពង្រីកការគ្រប់គ្រងការនាំចេញរបស់ចិនលើមេដែក និងរ៉ែកម្រ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បាននិយាយក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា លោកជឿថា ប្រទេសទាំងពីរមានក្របខណ្ឌសម្រាប់មេដឹកនាំទាំងពីរ ដើម្បីឈានទៅរកកិច្ចប្រជុំប្រកបដោយផ្លែផ្កា សម្រាប់ភាគីទាំងពីរ ។

ការអធិប្បាយរបស់លោកបានគាំទ្រដោយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ។ បន្ទាប់ពីជួបជាមួយសមភាគីចិននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី លោក Greer បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកចរចាកំពុងទៅដល់កន្លែងដែលមេដឹកនាំនឹងមានកិច្ចប្រជុំប្រកបដោយផ្លែផ្កា។
លោក Trump បានបង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ក្រុមអ្នកចរចារអាមេរិក និងចិន ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ ដែលបញ្ឈប់វដ្តនៃពន្ធគយសម្រាប់ការសងសឹកគ្នា និងការសងសឹកលើការគ្រប់គ្រងការនាំចេញ ដែលបានកំណត់លក្ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនចាប់តាំងពីខែមេសា។

លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យថា រូបលោកគិតថាពួកលោកនឹងមានកិច្ចព្រមព្រៀងដ៏ល្អជាមួយប្រទេសចិន។ លោកគិតថាប្រសិនបើពួកលោកធ្វើកិច្ចព្រមព្រៀងមួយ នោះនឹងល្អសម្រាប់ប្រទេសចិន ហើយរឹតតែល្អសម្រាប់អាមេរិកទៀតផង៕