មនុស្សយ៉ាងហោចណាស់ ៤ នាក់បានស្លាប់ក្នុងទីក្រុងឌូអាឡា (Douala) ធំបំផុតរបស់ប្រទេសកាមេរូន ខណៈការតវ៉ាបានផ្ទុះឡើងមុនពេលការប្រកាសជាផ្លូវការនៃលទ្ធផលបោះឆ្នោតប្រធានាធិបតី។ ក្រុមបាតុករដែលគាំទ្របេក្ខជនប្រឆាំង លោក Issa Tchiroma បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ បន្ទាប់ពីបានប្រឆាំងនឹងការហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំរបស់រដ្ឋាភិបាល។

អ្នកឃើញហេតុការណ៍បានរាយការណ៍ថា ក្រុមអ្នកតវ៉ាបានបិទផ្លូវ ដុតកង់រថយន្ត និងគប់ដុំថ្មទៅលើនគរបាល ដែលបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។ អភិបាលតំបន់ លោក Samuel Dieudonné Ivaha Diboua បានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ និងមន្ត្រីជាច្រើននាក់បានរងរបួស ខណៈប៉ុស្តិ៍នគរបាលនានា បានរងការវាយប្រហារ។

ភាពចលាចលនេះកើតឡើងបន្ទាប់ពីចំនួនសន្លឹកឆ្នោតដោយផ្នែកដែលបង្ហាញថាលោកប្រធានាធិបតី Paul Biya វ័យ៩២ ឆ្នាំត្រូវបានត្រៀមខ្លួនដើម្បីទទួលបានអាណត្តិទី ៨ ក្នុងតំណែង។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបក្សប្រឆាំង លោក Tchiroma បានអះអាងពីជ័យជម្នះ និងបានជំរុញឱ្យពលរដ្ឋតវ៉ាចំពោះលទ្ធផលនោះ។

ភាពតានតឹងបានរីករាលដាលហួសពីទីក្រុង ឌូអាឡា ទៅកាន់ទីក្រុងនានា រួមមាន យ៉ាអ៊ុនដេ (Yaoundé) ទីក្រុង Garoua និងទីក្រុង Maroua។ របាយការណ៍បង្ហាញពីការរំខានអ៊ីនធឺណិតយ៉ាងទូលំទូលាយ និងការចាប់ខ្លួនក្រុមប្រឆាំងរាប់សិបនាក់ រួមទាំងឥស្សរជននយោបាយលេចធ្លោផងដែរ៕