ក្រុមរដ្ឋអាជ្ញាទីក្រុងប៉ារីសបាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទលួចគ្រឿងអលង្ការនៅសារមន្ទីរ លូវ៉ា (Louvre) ខណៈម្នាក់ក្នុងចំណោមពួកគេហៀបនឹងហោះចេញពីប្រទេសបារាំង។

យោងតាមកាសែត Le Parisien បានឲ្យដឹងថា បុរសពីរនាក់ក្នុងវ័យ៣០ ឆ្នាំ និងដើមកំណើតមកពីតំបន់ជាយក្រុង Seine-Saint-Denis ស្ថិតនៅភាគខាងជើងរដ្ឋធានី ប៉ារីស ត្រូវបានឃុំខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ ។

កាសែតនេះបាននិយាយថា នគរបាលបារាំងបានចាប់ខ្លួនពួកគេ ហើយជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះ ហៀបនឹងហោះហើរទៅកាន់ប្រទេសអាល់ហ្សេរីពីអាកាសយានដ្ឋាន Charles de Gaulle ។
មិនមានការបញ្ជាក់កាលពីថ្ងៃអាទិត្យ ថាគ្រឿងអលង្ការមកុដរបស់បារាំងណាមួយ ដែលត្រូវបានគេលួចយកទៅ ត្រូវបានគេរកឃើញនោះទេ។

រដ្ឋអាជ្ញារបារាំងបាននិយាយកាលពីថ្ងៃអង្គារ ២១ តុលា ថា ក្រុមចោរដែលបានធ្វើសកម្មភាពប្លន់ទាំងថ្ងៃ នៅសារមន្ទីរលូវ៉ា ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីស របស់បារាំង បានលួចគ្រឿងអលង្ការដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៨៨លានអឺរ៉ូ ឬប្រមាណ ១០២,៦៣ លានដុល្លារអាមេរិក។អ្នកជំនាញបារម្ភថាគ្រឿងអលង្ការដែលចោរលួចពីសារមន្ទីរ លូវ៉ាអាចនឹងបាត់បង់ជារៀងរហូត៕