អាជ្ញាធររុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ (២៧ តុលា) នេះថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែន ចំនួន ១៩៣គ្រឿង ក្នុងការវាយប្រហារពេញមួយយប់ ក្នុងនោះរួមទាំងដ្រូន ៣៤គ្រឿងដែលកំណត់គោលដៅលើទីក្រុងមូស្គូ និងប្រមាណ ៤៧គ្រឿង នៅលើតំបន់ Bryansk ដែលមានមនុស្សស្លាប់ និងរបួសមួយចំនួន។

នៅទីក្រុង Bryansk ជាតំបន់មួយនៅភាគនិរតីរុស្ស៊ីដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន — អភិបាលតំបន់ បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា យានដ្រូនរបស់អ៊ុយក្រែន បានត្រូវចំរថយន្តក្រុងខ្នាតតូចមួយគ្រឿង។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបង្ហោះលើបណ្ដាញតេលេក្រាមថា យានដ្រូនលើរដ្ឋធានីរុស្ស៊ីនេះត្រូវបាញ់ទម្លាក់ក្នុងរយៈពេល ៦ម៉ោង កាលពីថ្ងៃអាទិត្យ។
មិនមានរបាយការណ៍ពីការខូចខាតនៅទីក្រុងមូស្គូទេ ប៉ុន្តែរុស្ស៊ី កម្របើកបង្ហាញទំហំពេញលេញនៃការខូចខាត ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែនក្នុងទឹកដីរបស់ខ្លួនណាស់ លុះត្រាតែជាជនស៊ីវិល ឬមានគោលដៅស៊ីវិលពាក់ព័ន្ធ។
មិនទាន់មានការអត្ថាធិប្បាយពីអ៊ុយក្រែនទេ ប៉ុន្តែទីក្រុងគីវ ធ្លាប់និយាយថា ការវាយប្រហាររបស់ខ្លួនគឺមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងការធ្វើសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន។ ភាគីជម្លោះទាំងពីរតែងបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលឡើយ ប៉ុន្តែមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន៕

