មេដឹកនាំពិភពលោកដែលបានប្រមូលផ្តុំគ្នាក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ (២៧ តុលា) នេះ នឹងពិភាក្សាពីវិធីសាស្រ្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមស្រមោលនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចាកចេញពីកិច្ចប្រជុំកំពូលនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីបន្តដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីរបស់លោក។

នៅក្នុងការឈប់សំចតនៅអាស៊ីដំបូងរបស់ខ្លួន លោក Trump កាលពីថ្ងៃអាទិត្យ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ចំនួន៤។ នៅថ្ងៃដដែលនោះ លោក Trump បាននិយាយថា "សាររបស់ទីក្រុងវ៉ាស៊ីន ទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍គឺថា សហរដ្ឋអាមេរិកឈរនៅជាមួយប្លុកនេះ ១០០% ហើយអាមេរិកមានបំណងក្លាយជាដៃគូដ៏រឹងមាំសម្រាប់ពេលច្រើនជំនាន់ទៀត"។

ក្រោយលោក Trump និងប្រមុខការទូតអាមេរិក Marco Rubio ទៅកាន់ជប៉ុន -- ក្រុមមន្ត្រីជាន់ខ្ពស់អន្តរជាតិជាច្រើនរួមមានចិន និងមេដឹកនាំប្រេស៊ីល កាណាដា ក្រុមប្រឹក្សាអឺរ៉ុប និងប្លុកអាស៊ានទាំង១១ កំពុងប្រឹងប្រែងធ្វើការដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ក្រុមមន្ត្រីចិន រំពឹងថានឹងជំរុញពាណិជ្ជកម្មពហុភាគីនិយម និងសម្លឹងមើលការពង្រឹងទំនាក់ទំនងក្នុងតំបន់ ខណៈមន្ត្រីអាមេរិកផ្សេងទៀតបន្តចូលរួមកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីការចាកចេញរបស់លោក Trump និងលោក Rubio ។ របៀបវារៈក្នុងជំនួបកំពូលអាស៊ានថ្ងៃចន្ទនេះ គឺជាកិច្ចប្រជុំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលគាំទ្រដោយចិន។
RECP ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គ្របដណ្តប់ប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុប GDP របស់សកលលោក ហើយត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកថាជាសក្ដានុពលមួយទប់ទល់នឹងពន្ធគយរបស់សហរដ្ឋអាមេរិក៕