ភ្នំពេញ ៖ នគរបាលអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនជនសង្ស័យ ៣នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីប្រើជើងធាក់យកម៉ូតូមិនបានសម្រេច ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ប្រាប់អោយដឹងថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២៣ និង ៤៤ នាទី មានករណី លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ប្រើជើងធាក់យកម៉ូតូមិនបានសម្រេច) នៅចំណុចមុខរោងចក្រ ថាក់ក្រាល ផ្លូវជាតិលេខ ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ៣នាក់ ។
ជនសង្ស័យទាំង ៣នាក់ ១-ឈ្មោះ ស៊ុ ប៊ុនធួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិអង្គ សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសារធាតុញៀន ។ ២-ឈ្មោះ ធាន ប៊ុនថាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្មានសារធាតុញៀន ។ ៣-ឈ្មោះ ប៉ែន រតនា ប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៧ (បុរី ពិភពថ្មី៣) ផ្លូវលេខ ១៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញគ្មានសារធាតុញៀន ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្មកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្កិឈ្មោះ ខ្មៅ បានជិះម៉ូតូម៉ាក Let's ពណ៌ស ស៊េរី ០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FW-4450 ចេញពីទិញបាយនៅម្ដុំស្តុបផ្លូវបំបែកទៅទំនប់កប់ស្រូវ សង្កាត់ចោមចៅ៣ ត្រឡប់មកផ្ទះវិញ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ពេលជិះមកដល់មុខរោងចក្រ ថាក់ក្រាល ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ស្រាប់តែជួបក្រុមជនសង្ស័យទាំង ៣ នាក់ ជិះម៉ូតូ ២ គ្រឿង ដោយជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធួន ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ស៊េរី ០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HW- 0998 ជិះម្នាក់ឯង ។ ចំណែក ជនសង្ស័យឈ្មោះ ប៉ែន រតនា បើកម៉ូតូ ម៉ាក ហុងដា សេ125 ស៊េរី 018 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-9106 ឌុបជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ ។ ពេលនោះជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធឿន បានលើកជើងធាក់ដៃម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួល ហើយជនសង្ស័យឈ្មោះ ប៉ែន រតនា បានបើកម៉ូតូទៅឈប់ពីមុខម៉ូតូរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ កាន់ខ្សែក្រវ៉ាត់់បំរ៉ុងវាយលើជនរងគ្រោះ ស្របពេលនោះក៏មានប្រជាពលរដ្ឋ ជិះម៉ូតូតាមផ្លូវឈប់សួរនាំ នឹងមានវិទ្យុទាក់ទងនៅនឹងចង្កេះ ឃើញដូចនោះក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
លោកអធិការរងខណ្ឌកំបូល ប្រាប់បន្តទៀតអោយដឹងថា បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ។ ក្រោយពីទទួលពាក្យបណ្ដឹងរួចនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១ និង ៣០ នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយសហការគ្នាជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ជាបន្តបន្ទាប់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ ៖ តារាវុទ្ធី