ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន «ធានា» ថា ប្រទេសទាំង២ នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងអំឡុងពេលមានកិច្ចប្រជុំ នាពេលថ្មីៗនេះ រវាងមេដឹកនាំទាំង២។
អំឡុងសន្និសីទសារព័ត៌មាន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី លោក Lula បានបញ្ជាក់ថា ការពិភាក្សារបស់លោកជាមួយលោក Trump បានប្រព្រឹត្តទៅយ៉ាងល្អប្រកបដោយផ្លែផ្កា ហើយថា កិច្ចព្រមព្រៀងមួយនឹងត្រូវសម្រេចបាន «លឿនជាងការរំពឹងទុក»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់អត្រាពន្ធ ៥០ភាគរយ លើផលិតផលប្រេស៊ីល ដែលជាការឆ្លើយតបទៅនឹងដំណើរការកាត់ក្ដី លើអតីតប្រធានាធិបតី លោក Jair Bolsonaro។ តែលោក Lula បានប្រាប់ថា ការសម្រេចថ្មីៗដែលធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រេស៊ីល គឺ «មិនត្រឹមត្រូវ» ឡើយ។
តែយ៉ាងណាក្ដី លោកបានសង្កត់ធ្ងន់ថា លោកនឹងមានឆន្ទៈក្នុងការពិភាក្សា អំពីបញ្ហាណាមួយ ជាមួយលោក Trump ហើយក៏មានឆន្ទៈ ក្នុងការជួយសហរដ្ឋអាមេរិកលើបញ្ហាវ៉េណេស៊ុយអេឡាផងដែរ។
លោក Lula បាននិយាយថា៖ «ខ្ញុំបានប្រាប់លោកថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគិតគូរពីបទពិសោធន៍របស់ប្រេស៊ីល ក្នុងនាមជាប្រទេសធំជាងគេ នៅអាមេរិកខាងត្បូង ពោលគឺជាប្រទេសសំខាន់បំផុតខាងផ្នែកសេដ្ឋកិច្ច ដែលមានស្ទើរតែទាំងអស់នៃបណ្ដាប្រទេសអាមេរិកខាងត្បូងជាអ្នកជិតខាង»៕
