សភារបស់ប្រទេសកូសូវ៉ូ មិនអាចបោះឆ្នោតជ្រើសរើស លោក Albin Kurti ជានាយករដ្ឋមន្ត្រីបានទេ កាលពីថ្ងៃអាទិត្យ (ទី២៦ ខែកក្កដា) ដោយធ្វើឲ្យមានលទ្ធភាពកាន់តែខ្ពស់ដែលការបោះឆ្នោតមុនអាណត្តិ នឹងត្រូវបានប្រកាសឡើង ដើម្បីបំបែកភាពជាប់គាំងផ្នែកនយោបាយ បន្ទាប់ពីការបោះឆ្នោតសភា មិនទទួលបាននូវលទ្ធផលដាច់ស្រាច់ កាលពីខែកុម្ភៈ។
លោក Kurti មេដឹកនាំនៃគណបក្ស Vetevendosje ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងតួនាទីអ្នកដឹកនាំចាំផ្ទះ បានទទួលត្រឹមតែ ៥៦សំឡេងប៉ុណ្ណោះ នៅក្នុងសភាដែលមាន ១២០អាសនៈ ដោយខ្វះ ៥សំឡេងនៃការគាំទ្រភាគច្រើនដែលត្រូវការ ដើម្បីបង្កើតរដ្ឋាភិបាល។

បណ្ដាក្រុមប្រឆាំង គឺគណបក្សប្រជាធិបតេយ្យកូសូវ៉ូ (PDK) គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យកូសូវ៉ូ (LDK) និងគណបក្សសម្ព័ន្ធ ដើម្បីអនាគតកូសូវ៉ូ (AAK) បានបោះឆ្នោតប្រឆាំងនឹងបេក្ខភាពរបស់លោក Kurti។ ហើយគេនៅតែមិនច្បាស់ថា តើប្រធានាធិបតីប្រទេសនេះ នឹងស្នើឲ្យភាគីទី២ ឬទី៣ ដំណើរការបង្កើតរដ្ឋាភិបាលដែរ ឬយ៉ាងណា។ គណបក្ស ២ នៃក្រុមប្រឆាំង បានឲ្យដឹងថា ពួកគេគិតថា ការបោះឆ្នោតថ្មី គួរតែត្រូវធ្វើឡើង។
បណ្ដាគណបក្សប្រឆាំង បានបដិសេធមិនគ្រប់គ្រងប្រទេសរួមជាមួយលោក Kurti ដោយរិះគន់ការដោះស្រាយរបស់លោក ចំពោះទំនាក់ទំនងរបស់កូសូវ៉ូជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងវិធានការរបស់លោក នៅភាគខាងជើងដែលបានមានការបែងចែកជនជាតិរបស់កូសូវ៉ូ ជាកន្លែងដែលមានជនជាតិភាគតិចស៊ែប៊ីរស់នៅ៕
