កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រ MH-60R Sea Hawk និងយន្តហោះចម្បាំង F/A-18F Super Hornet របស់នាវាដឹកយន្តហោះ USS Nimitz បានធ្លាក់ អំឡុងពេលចុះប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ក្នុងនោះអាកាសយានិកទាំង ៥នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាពដោយក្រុមជួយសង្រ្គោះ និងរុករក ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា ឧទ្ធម្ភាគចក្រប្រតិបត្តិការដោយកងអនុសេនាធំឧទ្ធម្ភាគចក្រវាយប្រហារតាមសមុទ្រលេខ ៧៣ បានធ្លាក់នៅវេលាម៉ោងប្រហែល ២ និង ៤៥នាទីរសៀលម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៦ និង ៤៥នាទីម៉ោងសកល) ហើយសមាជិកអាកាសយានិក ៣នាក់ ត្រូវបានជួយសង្រ្គោះដោយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះលេខ ១១ ។

ឧបទ្ទេវហេតុដាច់ដោយឡែកមួយផ្សេងទៀតនៅវេលាម៉ោង ៣ និង ១៥នាទីរសៀលម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៧ និង ១៥នាទីម៉ោងសកល)ជាប់ពាក់ព័ន្ធនឹងយន្តហោះចម្បាំង Super Hornet ហោះហើរដោយកងអនុសេនាធំប្រយុទ្ធលេខ ២២ ដែលបានធ្លាក់ផងដែរ អំឡុងពេលចុះប្រតិបត្តិការ ។
អាកាសយានិកទាំង ២នាក់ បានរលាស់ខ្លួនដោយសុវត្ថិភាព ហើយត្រូវបានរកឃើញដោយក្រុមជួយសង្រ្គោះ ។
សេចក្តីថ្លែងការណ៍បន្តថា អាកាសយានិកទាំងអស់ដែលបានជាប់ព័ន្ធនឹងឧបទ្ទេវហេតុទាំង ២លើកនេះ មានសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពនឹងន. ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា មូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះ និងឧទ្ធម្ភាគចក្រនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕
