លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ នៅពេលដែលកង់យន្តហោះ Air Force One បានទម្លាក់ចុះចតនៅព្រលានយន្តហោះ Haneda វេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក នាថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ ដោយនេះជាការឈប់ទី២ របស់លោក ក្នុងដំណើរទស្សនៈកិច្ច ៣ប្រទេស នៅតំបន់អាស៊ី។
តាមរយៈការការបង្ហោះលើបណ្ដាញសង្គម Truth Social បន្តិចមុនពេលយន្តហោះរប់លោកចុះចត លោក Trump បានសរសេរថា៖ «ទន្ទឹងរង់ចាំឃើញព្រះភ័ក្ត្រព្រះចៅអធិរាជ!»។ លោកត្រូវបានគេរំពឹងថា នឹងចូលគាល់ព្រះចៅអធិរាជ Naruhito ដែលក្លាយជាមហាក្សត្ររបស់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០៩ ភ្លាមៗ។

បន្ទាប់ពីលោកប្រធានាធិបតីបានដើរចេញពីយន្តហោះ Air Force One នៅពេលទៅដល់ទីក្រុងតូក្យូ លោកបានចាប់ដៃជាមួយមន្ត្រីអាមេរិក និងជប៉ុនមួយចំនួនដែលកំពុងរង់ចាំនៅអាកាសយានដ្ឋាន ដែលរួមមានទាំងនាយខុទ្ទកាល័យរបស់ជប៉ុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន និងមេបញ្ជាការកងកម្លាំងអាមេរិក ប្រចាំនៅប្រទេសជប៉ុនផងដែរ។
នៅទីក្រុងតូក្យូនេះ លោក Trump ក៏នឹងជួបជាមួយលោកស្រី Sanae Takaichi ដែលជាអ្នកអភិរក្សនិយមដ៏រឹងត្អឹង និងជាអ្នកនយោបាយស្ថិតក្រោមការជ្រោមជ្រែងរបស់អតីតអ្នកដឹកនាំ គឺលោក Shinzo Abe ដែលបានស្លាប់ហើយ ដោយលោកស្រីទើបបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន ក្នុងខែនេះ។
ជាមួយគ្នានេះ លោក Trump អាចនឹងគូសបញ្ចាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការវិនិយោគ ៥៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក។ លោកក៏ត្រូវបានគេរំពឹងថា នឹងចូលគាល់ព្រះចៅអធិរាជជប៉ុន ទៅសួរសុខទុក្ខទាហានអាមេរិក និងជួបជាមួយមេដឹកនាំធុរកិច្ចជប៉ុន ក្នុងអំឡុងពេលទស្សនកិច្ចនេះ៕
