តំបន់ឆ្នេរនៅឆកសមុទ្រ Montego ប្រទេសចាម៉ៃកា ពុំឃើញមានមនុស្សម្នានោះទេកាលពីថ្ងៃអាទិត្យ ពេលដែលអ្នកស្រុក និងម្ចាស់ធុរកិច្ច ប្រឈមនឹងការមកដល់របស់ព្យុះកំណាច Melissa គឺជាព្យុះកម្រិតទី ៤ដែលត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោលនៅដើមសប្តាហ៍នេះ ។
ស្លាកសញ្ញានៅច្រកចូលតំបន់ឆ្នេរ បានព្រមានភ្ញៀវទេសចរពីការបិទ ដោយសារការជិតមកដល់របស់ព្យុះកំណាច Melissa ខណៈការត្រៀមខ្លួន បានធ្វើឡើង ដើម្បីធានាដល់សុវត្ថិភាពអចលនទ្រព្យតាមតំបន់ឆ្នេរ ។

ក្តាបន្ទះបានគ្របលើបង្អួច និងទ្វារ ហើយបាវខ្សាច់ត្រូវបានដាក់ ដើម្បីការពារទឹកជំនន់ ។ កៅអីតំបន់ឆ្នេរ ត្រូវបានដាក់ជាជង់ ឆ័ត្រត្រូវបានបិទ ហើយស្លាកសញ្ញាប្រុងប្រយ័ត្នបន្ថែមទៀត អាចមើលឃើញនៅទូទាំងតំបន់ ។
ព្យុះ Melissa មានសន្ទុះខ្យល់បក់ ២២០គ.មក្នុង ១ម៉ោង ហើយត្រូវបានគេរំពឹងថា កម្លាំងរបស់វានឹងកើនឡើង ពេលដែលវាបោកបក់ឆ្ពោះទៅកាន់ប្រទេសចាម៉ៃកា ជាទីដែលវាគួរតែបោកបក់ដល់ដីគោកនៅយប់ថ្ងៃចន្ទនេះ ឬអាចនៅថ្ងៃអង្គារ ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) បានព្រមានថា ចាម៉ៃកា និងកោះភាគខាងត្បូង Hispaniola អាចនឹងប្រឈមនឹងភ្លៀងធ្លាក់កម្ពស់ចន្លោះពី ៣៨សង់ទីម៉ែត្រ រហូតដល់ ៧៦សង់ទីម៉ែត្រ ។
កងកម្លាំងការពារជាតិចាម៉ៃកា បានប្រកាសនៅលើបណ្តាញព័ត៌មានសង្គមថា ពួកគេនឹងជួយក្រសួងការងារ និងសន្តិសុខសង្គមជាមួយនឹងការដឹកជញ្ជូន និងការស្តុកគ្រឿងផ្គត់ផ្គង់ចំណីអាហារ ជាការត្រៀមខ្លួនសម្រាប់ព្យុះកំណាចមួយនេះ ៕
