ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសន្យាថា ខ្លួននៅបន្តធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាប្រពៃណី ជាមួយគណបក្សដៃគូជានិច្ច ខណៈគណបក្សនេះ បានបើកអង្គសមាជសម្រេចយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាប្រធានដឹកនាំគណបក្សថ្មី ជំនួសព្រះអង្គម្ចាស់នរោត្តម រណ ឫទ្ធិ ដែលទ្រង់បានសោយទិវង្គត់ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។
យោងតាមយុទ្ធសាស្រ្តនយោបាយ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចែកជូនអ្នកសារព័ត៌មាន នៅក្នុងអង្គសមាជគណបក្សនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅដំណាក់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ បានឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិចអនុវត្តគោលនយោបាយ បង្រួបបង្រួមជាតិផ្សះផ្សាជាតិ ឯកភាពជាតិ ដើម្បីកម្ពុជាសន្តិភាព និងស្ថិរភាពនយោបាយ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយគណបក្សដៃគូ ដែលជាប្រពៃណី និងប្រកាសបើកចំហរ ការរួមរស់សាជាថ្មីអ្នកសីហនុនិយម រណឫទ្ធិនិយម អ្នកស្នេហាជាតិ អ្នករាជានិយមជាដើម។
មានបន្ទូលនៅក្នុងអង្គសមាជនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានអះអាងថា ក្រោមការដឹកនាំរបស់ព្រះអង្គផ្ទាល់ ព្រះអង្គនឹងខិតខំធ្វើយ៉ាងណាឲ្យគណបក្សហ៊្វុនស៊ិនប៉ិច មានឈ្មោះបោះសំឡេងឡើង វិញបន្ទាប់ពីគណបក្សនេះបានបាត់បង់ឈ្មោះចេញពីរដ្ឋសភា និងធ្លាក់ចុះការគាំទ្រច្រើនពីមូលដ្ឋាននោះ។
ព្រះអង្គម្ចាស់ បានប្តេជ្ញាថា នឹងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាកេរ្តិ៍ដំណែលរបស់សម្តេចតា សម្តេច ព្រះវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលជាស្ថាបនិកគណបក្សឲ្យបានគង់វង្សជាអមតៈជារៀងរហូត។
បើតាមយុទ្ធសាស្រ្តនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិចដដែលនេះ បានលើកឡើងផងដែរថា ខ្លួននៅតែប្រកាន់ភ្ជាប់គោលនយោបាយ អព្យាក្រឹត្យ ឯករាជ្យ អធិបតេយ្យភាព និងមិនចូលបក្សសម្ព័ន្ធ ហើយតាមរយៈការដឹកនាំរបស់ព្រះប្រធានគណកប្សថ្មី គណបក្សនេះសន្យាថា នឹងកែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាកម្លាំងរឹងមាំឡើងវិញផងដែរ ដើម្បីរួមសហការគ្នាជាមួយគណបក្សកាន់អំណាចកសាងប្រទេសជាតិឲ្យកាន់តែរីកចំរើនខ្លាំងក្លាបន្ថែមទៀត៕ អត្ថបទ៖ បាន ចក់









