ក្រុមអាជ្ញាធរនិយាយកាលពីថ្ងៃអាទិត្យថា នគរបាលជាតិអេស្ប៉ាញ បានឡើងលើនាវាផ្គត់ផ្គង់ដោតទង់ជាតិតង់ហ្សានី ស្ថិតនៅចម្ងាយ ៩៦០គ.មពីប្រជុំកោះ Canary កាលពីថ្ងៃទី ២២ ខែតុលា និងរឹបអូសបានសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់ ៤តោនដែលលាក់នៅក្នុងបន្ទប់នាវា ។

យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា ក្រុមមន្រ្តីបានចាប់ខ្លួនសមាជិកនាវិកទាំង ៩រូបនៅលើនាវា ដែលគោលដៅចុងក្រោយរបស់ពួកគេគឺកំពង់ផែ Vigo ។
នគរបាលអេស្ប៉ាញ បានប៉ាន់ប្រមាណដំបូងថា សារធាតុកូកាអ៊ីននេះមានទម្ងន់ប្រហែល ៦តោនកន្លះ ប៉ុន្តែក្រោយមកពួកគេបានបន្ទាបតួលេខវិញមកនៅត្រឹម ៤តោនវិញ ។
ប្រតិបត្តិការនេះដែរ ត្រូវបានសម្របសម្រួលដោយការិយាល័យរដ្ឋអាជ្ញាធពិសេសប្រឆាំងគ្រឿងញៀន ដោយមានការគាំទ្រពីកងទ័ពជើងទឹកអេស្ប៉ាញ បន្ទាប់ពីទទួលបានការណ៍សម្ងាត់កាលពីថ្ងៃទី ៨ ខែតុលា ពីរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក ថាបណ្តាញជួញដូរអន្តរជាតិធ្វើដំណើរតាមផ្លូវដឹកជញ្ជូនធំឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ៕
