អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) បានលើកឡើងថា មេដឹកនាំយោធារបស់សហភាពមីយ៉ាន់ម៉ា ត្រូវតែបញ្ចប់នូវអំពើហិង្សា «ដ៏គួរឲ្យតក់ស្លុត» ដែលបានកើតមានលើប្រជាជន ចាប់តាំងពីឆ្នាំ២០២១ ហើយស្វែងរក «ផ្លូវដែលអាចទុកចិត្តបាន» ត្រឡប់ទៅរកការមានរដ្ឋាភិបាលស៊ីវិលវិញ។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Guterres បានលើកឡើងថា ការកាន់អំណាចរបស់យោធា មិនត្រឹមតែ «បានធ្វើឲ្យមានគ្រោះមហន្តរាយកាន់តែច្រើនឡើងៗ នៅសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទៀតផង។

លោកបានបន្ថែមថា៖ «ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំឲ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានេះ មានការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះកិច្ចសន្ទនាពីគ្រប់ភាគី និងបង្កើតនូវផ្លូវដែលអាចទុកចិត្តបាន ដើម្បីវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ»។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដឹកនាំដោយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលកំពុងជាប់ឃុំ សហភាពមីយ៉ាន់ម៉ាបានជាប់នៅក្នុងភាពចលាចល ដោយក្រុមបះបោរប្រដាប់អាវុធបានដណ្តើមកាន់កាប់តំបន់ដែនដីដ៏ធំរបស់ប្រទេស។
រដ្ឋាភិបាលយោធាបញ្ជាក់ថា ខ្លួនមានបំណងធ្វើឲ្យមីយ៉ាន់ម៉ាវិលទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ តាមរយៈការរៀបចំការបោះឆ្នោតសកល នៅចុងឆ្នាំ២០២៥ នេះ ទោះបីជាសង្រ្គាមស៊ីវិល នៅបន្តមានក៏ដោយ ប៉ុន្តែមានមន្ទិលសង្ស័យលើភាពគួរឲ្យជឿជាក់បាននៃការបោះឆ្នោតនេះ ហើយអ្នករិះគន់របបយោធា រំពឹងថា របបនេះនឹងបន្តកាន់អំណាចតាមរយៈក្រុមតំណាង៕
