ក្រុមជីវពលឃើដ PKK និយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានដកទ័ពចេញពីប្រទេសទួរគី ដែលជាផ្នែកមួយនៃដំណើរការរំសាយអាវុធ ដែលត្រូវសម្របសម្រួលជាមួយរដ្ឋាភិបាល ជំរុញឲ្យទីក្រុងអង់ការ៉ា បន្តជំហានអនុញ្ញាតឲ្យពួកគេចូលរួមឆាកនយោបាយទួរគី ។
ក្រុមជីវពល PKK ដែលបានក្រោកឈរបះបោរប្រឆាំងរដ្ឋទួរគី ចាប់តាំងពីឆ្នាំ ១៩៨៤រហូតមកនោះ បានសម្រេចចិត្តកាលពីខែឧសភាកន្លងទៅក្នុងការរំសាយអាវុធ ហើយនិងរំលាយក្រុមរបស់ខ្លួនចោល ក្រោយការអំពាវនាវបញ្ចប់ការតស៊ូប្រដាប់អាវុធពីមេដឹកនាំជាប់ពន្ធនាគាររបស់ពួកគេ គឺលោក Abdullah Ocalan ។ ការប្រយុទ្ធគ្នានេះ បានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ ។
កាលពីខែកក្កដា ក្រុមក្រៅច្បាប់មួយនេះ ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះ បានដុតអាវុធមួយចំនួនរបស់ពួកគេចោល ជាការបង្ហាញទង្វើនិមិត្តរូបនៃជំនឿល្អ ។

សេចក្តីថ្លែងការណ៍អានអំឡុងព្រឹត្តការណ៍នៅលើភ្នំ Qandil ដែលជាតំបន់កាន់កាប់របស់ក្រុមមួយនេះ ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្រុម PKKនិយាយថា ពួកគេយល់ព្រមដកក្រុមជីវពលចេញពីទួរគី ដើម្បីដាក់ចេញគ្រឹះសម្រាប់ជីវិតប្រកបដោយសេរីភាព ប្រជាធិបតេយ្យ និងភាតរភាព ។
លោក Omer Celik គឺជាអ្នកនាំពាក្យគណបក្សកាន់អំណាច AK របស់លោកប្រធានាធិបតីទួរគី Tayyip Erdogan បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ការសម្រេចចិត្តដកទ័ពរបស់ PKK គឺជាលទ្ធផលដ៏រឹងមាំមួយនៃគោលដៅ “ទួរគីគ្មានភេរវជន” របស់រដ្ឋាភិបាល ៕
