ដោយបន្ទាប់ពីមានសំណើរបស់ប្រធានាធិបតីអាមេរិកឲ្យបញ្ឈប់សង្គ្រាម នៅត្រឹមសមរភូមិបច្ចុប្បន្ន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន Axios ថា ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានព្រមព្រៀងធ្វើការលើផេនការបទឈប់បាញ់ ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។
តាមរយៈបទសម្ភាសន៍ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ លោក Zelenskyy បានប្រាប់សារព័ត៌មាន Axios ថា៖ «មានចំណុចសំខាន់ខ្លីៗមួយចំនួន ដូចជាផែនការ សម្រាប់បទឈប់បាញ់។ ពួកយើងបានសម្រេចថា យើងនឹងធ្វើការលើកិច្ចការនេះ នៅសប្តាហ៍ក្រោយ ឬ ១០ថ្ងៃទៀត»។
លោក Zelenskyy បានបន្ថែមថា ដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យព្រមបើកកិច្ចពិភាក្សា អ៊ុយក្រែនកំពុងស្នើសុំរដ្ឋបាលអាមេរិក មិនត្រឹមតែមីស៊ីល Tomahawks ប៉ុណ្ណោះទេ ប៉ុន្តែ «អាវុធស្រដៀងគ្នា» ដែលមិនតម្រូវឲ្យមានការហ្វឹកហ្វឺនរយៈពេលយូរ។
ទន្ទឹមនឹងនេះដែរ លោកបានកត់សម្គាល់ថា លោកមានការសង្ស័យថា លោក Putin មិនបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកផែនការសន្តិភាពណាមួយឡើយ។
ជាមួយគ្នានេះ យោងតាមលោកប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងប្រទេសរុស្ស៊ី បានបាត់បង់ទាហាន ៣៤៦.០០០នាក់ដែលត្រូវបានសម្លាប់ និងរងរបួស ក្នុងឆ្នាំ២០២៥៕