ក្រុមឆ្មាំល្បាតឆ្នេរក្រិកនិយាយនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ ពេលដែលទូករបស់ពួកគេលិចនៅជិតកោះ Lesbos របស់ក្រិក ហើយមនុស្ស ៧នាក់ ត្រូវបានជួយសង្រ្គោះចេញពីក្នុងសមុទ្រ ។
មន្រ្តីមួយរូបរបស់ឆ្មាំល្បាតឆ្នេរក្រិកនិយាយថា ពួកយើងបានរកឃើញសាកសពមនុស្ស ៤នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្ត ។ ពួកយើងពុំបានដឹងនោះទេ ថាតើមានមនុស្សច្រើននាក់ទៀតដែរឬទេនៅលើទូកដែលបានលិច ។
នេះគឺជាឧបទ្ទេវហេតុស្លាប់មនុស្សលើកទី ២ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍នៅជិតកោះ Lesbos ក្បែរតំបន់ឆ្នេរទួរគី អំឡុងខែតុលានេះ ។
ក្រិកស្ថិតនៅខ្សែមុខនៃវិបត្តិជនអន្តោប្រវេសន៍ឆ្នាំ ២០១៥-១៦ ពេលដែលមនុស្សជាង ១លាននាក់ បានរត់ភៀសខ្លួនចេញពីសង្រ្គាម និងភាពក្រីក្រនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយធ្វើដំណើរឆ្លងកាត់សមុទ្រមកកាន់អឺរ៉ុប ៕